(បាងកក)៖ ទីក្រុងបាងកកបានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រុមមន្រ្តីថៃបានបើកកិច្ចចរចាដោយផ្ទាល់ ជាមួយក្រុមហាម៉ាសនៅប្រទេសអ៉ីរ៉ង់កាលពីសប្តាហ៍មុន ជុំវិញស្ថានភាពនៃចំណាប់ខ្មាំងជាជនជាតិថៃទាំង២២នាក់ ដែលត្រូវបានក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ ចាប់យកទៅកាន់តំបន់ Gaza Strip អំលុងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ លើប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Areepen Uttarasin ប្រធានប្រតិភូថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងបាងកកកាលពីថ្ងៃពុធថា ក្រុមអ្នកចរចារបស់ថៃ បានជួបជាមួយក្រុមមន្រ្តីរបស់ហាម៉ាស នៅរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ហើយទទួលបានការសន្យាថា ជនជាតិថៃដែលជាចំណាប់ខ្មាំងនឹងត្រូវដោះលែង នៅពេលវេលាសមស្របមួយ។ លោក Areepen បានដឹកនាំក្រុមមន្រ្តីមានគ្នាសរុប៣នាក់ និងសុទ្ធតែជាជនមូស្លីម ដែលត្រូវបានចាត់តាំងដោយប្រធានរដ្ឋសភាថៃ ខណៈកិច្ចចរចាជាមួយក្រុមហាម៉ាសនៅអ៉ីរ៉ង់ បានប្រព្រឹត្តទៅអស់រយៈពេល២ម៉ោង។
លោក Areepen បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានស្នើឱ្យហាម៉ាសដោះលែងចំណាប់ខ្មាំងថៃទាំងនោះ ព្រោះពួកគេសុទ្ធតែជាជនស្លូតត្រង់។ ខាងហាម៉ាស បានធានាអះអាងប្រាប់ខ្ញុំថា ពួកគេកំពុងមើលថែចំណាប់ខ្មាំងយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែពួកគេមិនអាចប្រាប់ខ្ញុំពីកាលបរិច្ឆេទនៃការដោះលែងឡើយ ពោលគឺពួកគេកំពុងទន្ទឹងរង់ចាំពេលវេលាសមស្របមួយ»។ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន អះអាងថារដ្ឋាភិបាលលោកកំពុងប្រឹងប្រែងជាខ្លាំង ដើម្បីនាំយកចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ ហើយរដ្ឋមន្រ្តីការបរទេសថៃ ទើបតែបើកកិច្ចពិភាក្សានៅប្រទេសកាតានិងអេហ្ស៉ីប ដែលជាអ្នកជួយសម្រុះសម្រួលជម្លោះអ៉ីស្រាអែល-ហាម៉ាស ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា មានជនជាតិថៃសរុបប្រហែល៣០,០០០នាក់ ធ្វើការងារនៅប្រទេសអ៉ីស្រាអែល នៅពេលការវាយប្រហាររបស់ក្រុមហាម៉ាសកើតឡើង។ ក្រៅពីចំណាប់ខ្មាំង ជនជាតិថៃចំនួន៣២នាក់ផ្សេងទៀត បានបាត់បង់ជីវិតនិង១៩នាក់បានរងរបួស នៅក្នុងជម្លោះ ហើយថៃបានជម្លៀសពលរដ្ឋខ្លួនសរុបជាង៧,០០០នាក់ ត្រឡប់មកស្រុកកំណើតវិញ។ បើតាមអ៉ីស្រាអែល មនុស្សសរុបជាង២៣០នាក់ ត្រូវបានចាប់យកធ្វើជាចំណាប់ខ្មាំង អំលុងការវាយប្រហារថ្ងៃទី៧ ខែតុលា៕
រូបភាពពី AFP