(ស្តុកខុល)៖ អង្គការឃ្លាំ​មើល​អន្តររដ្ឋាភិបាល​មួយ​ បាន​ឲ្យដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍នេះថា ពាក់កណ្តាលនៃបណ្តាប្រទេសលើពិភពលោក កំពុងទទួលរងនូវការដើរថយ ក្រោយនៃលទ្ធិប្រជាធិបតេយ្យ រាប់ចាប់តាំងពីកំហុសក្នុងការបោះឆ្នោត រហូតដល់ការរំលោភបំពានសិទ្ធិ ដែលក្នុងនោះមានសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន International Institute for Democracy and Electoral Assistance (IDEA) មានមូលដ្ឋាននៅទីក្រុងស្តុកខុល (Stockholm) នៃប្រទេសស៊ុយអែត បានឲ្យដឹងថា ២០២២ គឺជាឆ្នាំទី ៦ជាប់ៗគ្នា ដោយប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ មានចំនួនច្រើន ជាងប្រទេសដែលមានការរីកចម្រើន និងជាការធ្លាក់ចុះជាប់ៗគ្នាយូរបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពីឆ្នាំ១៩៧៥។

IDEA បានឲ្យដឹងទៀតថា អឺរ៉ុបនៅតែជាតំបន់ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យខ្ពស់បំផុតរបស់ពិភពលោក ប៉ុន្តែសម្រាប់ការអនុវត្តវិញបានថយចុះ គួរឲ្យកត់សម្គាល់ តួយ៉ាងនៅក្នុងប្រទេសជាច្រើន ដូចជាអូទ្រីស ហុងគ្រី លុចសំបួរ ហូឡង់ ប៉ូឡូញ ព័រទុយហ្កាល់ និងចក្រភពអង់គ្លេស។ ចំណែ កអាស៊ែបៃហ្សង់ បេឡារុស រុស្ស៉ី និងតួកគី កាន់តែចេញឆ្ងាយពីប្រទេសអឺរ៉ុបទៅទៀត ដោយដំណើរការបានទាបជាងមធ្យមភាគអឺរ៉ុប នៅក្នុងសូចនាករភាគច្រើននៃ លទ្ធិប្រជាធិបតេយ្យ។ ដោយឡែក ប្រទេសភាគច្រើននៅទ្វីបអាមេរិក បានគ្រប់គ្រងការបោះឆ្នោតដែលអាចជឿទុកចិត្តបាន និងបន្តមានដំណើរការក្នុងកម្រិត ពាក់កណ្តាល ទោះបីជាប្រទេសអែលសាល់វ៉ាឌ័រ និងក្វាតេម៉ាឡា ទើបនឹងបានជួបប្រទះការធ្លាក់ចុះយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះក៏ដោយ។

លោក Kevin Casas-Zamora អគ្គលេខាធិការ IDEA បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «និយាយឲ្យខ្លី លទ្ធិប្រជាធិបតេយ្យនៅតែមានបញ្ហា កំពុងជាប់គាំង និងធ្លាក់ចុះនៅកន្លែងជាច្រើន។ ភាពយ៉ាប់យ៉ឺននៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដូចជាការបោះឆ្នោតជាតិ ក្នុងសភា និងឯករាជ្យភាពតុលាការ បាននាំឲ្យមានបញ្ហា ក្នុងការការពារនីតិរដ្ឋ និងការឃុំឃាំងអ្នកនយោបាយ»។ ការធ្លាក់ចុះនេះគួរតែត្រូវបានឆ្លុះបញ្ចាំងដោយភ្ជាប់ជាមួយ និងកត្តាជីវភាព កត្តាប្រែប្រួលអាកាសធាតុ និងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលបង្កបញ្ហាប្រឈមដ៏ធំសម្រាប់មេដឹកនាំជាប់ឆ្នោតជាច្រើន។

គួរបញ្ជាក់ថា IDEA ប្រើប្រាស់គោលការណ៍ចំនួន ៤ ធំៗ ក្នុងការវាយតម្លៃរបស់ខ្លួន​ ដូចជាប្រព័ន្ធអ្នកតំណាង សិទ្ធិ នីតិរដ្ឋ និងការចូលរួមរបស់ប្រជាជន៕

រូបភាពពី Reuters