(ប៊ុយណូស៊ែ)៖ ប្រទេសធំៗមួយចំនួននៅអាមេរិកឡាទីន នៅថ្ងៃពុធសប្តាហ៍នេះ បានចេញមកថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលលើ ជំរំជនភៀសខ្លួនមួយមានប្រជាជនច្រើនក្នុងតំបន់ហ្កាហ្សា ដែលជាសញ្ញានៃការបែកបាក់ផ្នែកការទូតរវាងតំបន់ និងប្រទេសនៅមជ្ឈិមបូព៌ា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាហ្សង់ទីន ដែលជាស្រុកកំណើតរបស់សហគមន៍ជ្វីហ្វដ៏ធំបំផុតនៅអាមេរិកឡាទីន ប៉េរូ និងម៉ិកស៉ិក បានសម្តែងការសោកស្ដាយចំពោះការវាយប្រហារ របស់អ៉ីស្រាអែល ដែលមន្រ្តីតំបន់ហ្កាហ្សា នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា បានសម្លាប់មនុស្សជិត ២០០នាក់។

ក្រសួងការបរទេសប៉េរូ បានបញ្ជាក់ថា «ប៉េរូសូមថ្កោលទោស ហើយនឹងបន្តថ្កោលទោស អំពើហឹង្សាពីកន្លែងណាក៏ដោយ»។ រីឯក្រសួងការបរទេសអាហ្សង់ទីន ក៏បានទទូចដល់អ៉ីស្រាអែល អនុញ្ញាតឲ្យមានការនាំយកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា។ មន្រ្តីទូតម៉ិកស៉ិក លោកស្រី Alicia Buenrostro បានលើកឡើងក្នុងសម័យប្រជុំបន្ទាន់របស់ UN ស្តីពីតំបន់ហ្កាហ្សាបានអំពាវនាវឲ្យមានជជែកគ្នា រកដំណោះស្រាយរដ្ឋពីរ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមននេះ អ៉ីស្រាអែលបានបដិសេធការស្នើ សូម្បីតែពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ចំពោះការផ្អាកអំពើហិង្សា ដោយ ប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសដែលបានវាយប្រហារមកលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,៤០០នាក់។ បើតាមក្រសួងសុខាភិបាល តំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីន ៨,៧៩៦នាក់ បានស្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters