(ប៉េកាំង)៖ ចិនបានបង្គាប់ឱ្យបង្ហូតទង់ជាតិមកនៅត្រឹមពាក់កណ្ដាល នៅឯទីលាន Tiananmen ស្ថិតនៅចំកណ្ដាលបេះដូងនៃរដ្ឋធានីប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះជាពេលដែលសពរបស់អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងត្រូវបានបូជាតាមប្រពៃណីចិន។ នេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅក្នុងសេចក្ដីរាយការណ៍មួយអមជាមួយរូបភាពមួយសន្លឹកនៃទង់ជាតិបង្ហូតពាក់កណ្ដាល បានគូសបញ្ជាក់ដូច្នេះ ថា «ជាការចងចាំដល់សមមិត្ត Li Keqiang ទង់ជាតិនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលនៅឯទីលាន Tiananmen នៃរដ្ឋធានី (ប៉េកាំង)»

ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ (Xinhua) ទង់ជាតិក៏នឹងត្រូវបានបង្ហូតពាក់កណ្ដាលផងដែរនៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ក្រសួងការបរទេស រដ្ឋាភិបាលតំបន់ រួមទាំងបេសកកម្មការទូត។

គួរបញ្ជាក់ថា លោក Li Keqiang ជាអតីតសេដ្ឋវិទូ និងជាមេដឹកនាំគាំទ្រការធ្វើកំណែទម្រង់ម្នាក់ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិន អស់រយៈពេល ១០ឆ្នាំ មុននឹងចូលនិវត្តកាលពីខែមីនាកន្លងទៅនេះ បានទទួលមរណភាពដោយសារគាំងបេះដូង ក្នុងទីក្រុងសៀងហៃ កាលពី ថ្ងៃសុក្រសប្ដាហ៍មុន ហើយសពរបស់លោកត្រូវនាំមកកាន់ទីក្រុងប៉េកាំង ក្នុងថ្ងៃដដែលនោះដែរ៕

រូបភាពពី Reuters