(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រដល់ការអំពាវនាវឱ្យមាន «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» នៅ ក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីយកអ្នកទោសចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតីអាមេរិកវ័យឆ្នាំ៨០រូបនេះ ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្រជាង ២០០នាក់ នៅរដ្ឋ Minnesota កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) និងជាការឆ្លើយតបទៅនឹងស្ត្រីម្នាក់ដែលបានស្រែកដាក់រូបលោក។ ស្ត្រីរូបនេះបាននិយាយថា «ក្នុងនាមខ្ញុំជាបញ្ញវន្តជាជនជាតិ ជ្វីហ្វម្នាក់ ខ្ញុំចង់ឱ្យអ្នក (លោក បៃដិន) អំពាវនាវឱ្យមានបទឈប់បាញ់មួយក្នុងពេលនេះ» ដោយចង់សំដៅសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។

ជាការឆ្លើយតប លោក បៃដិន បានលើកឡើងថា «ខ្ញុំគិតថាយើងត្រូវការការផ្អាកការប្រយុទ្ធគ្នា។ ការផ្អាកនេះដែលនឹងផ្ដល់ពេលវេលា ដើម្បីនាំអ្នកទោស ចេញពីទីនោះ (ហ្កាហ្សា)»

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីការលើកឡើងរបស់លោក ចូ បៃដិន សេតវិមានបានបញ្ជាក់ថា «ពាក្យអ្នកទោស» ដែលលោក បៃដិនបាននិយាយ គឺចង់សំដៅលើចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស៕

រូបភាពពី AFP