(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal (WSJ) នៅថ្ងៃពុធសប្ដាហ៍នេះបានរាយការណ៍ថាចិន និងសហរដ្ឋអាមេរិកនឹងបើកកិច្ចពិភាក្សា មួយស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៅសប្ដាហ៍ក្រោយ ហើយដែលជំនួបបែបនេះនឹងក្លាយជាលើកដំបូងបំផុត ចាប់តាំងពីសម័យរដ្ឋបាល អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាម Wall Street Journal កិច្ចពិភាក្សាខាងលើអាចនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយមានការចូលរួមពីលោកស្រី Mallory Stewart ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក និងលោក Sun Xiaobo ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន។ ប៉ុន្តែ ដោយ ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងទៀតថាកិច្ចពិភាក្សានេះនឹងមិននាំ ទៅរកការកាត់បន្ថយទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិននោះទេ ប៉ុន្តែគោលដៅធំ គឺផ្ដល់ឱ្យរដ្ឋបាលលោក ចូ បៃដិន នូវការស្វែងយល់បន្ថែមពីផែនការរបស់ ចិន ប៉ុន្មានសប្ដាហ៍បន្ទាប់ពីមន្ទីរបញ្ចកោណចេញផ្សាយរបាយការណ៍មួយដោយនិយាយថាចិន បាន និងកំពុងបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរលឿន ជាងការរំពឹងទុក។

តាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ចេញផ្សាយកាលពីខែតុលាកន្លងទៅនេះ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥០០គ្រាប់ក្នុងឆ្នាំ២០២៣នេះ ហើយ មានផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរឱ្យលើស ១,០០០គ្រាប់ នៅឆ្នាំ២០៣០។ ប៉ុន្តែចិនបានចាត់ទុករបាយការណ៍នេះជារឿងមិនពិត និងបំផ្លើស។

គួរបញ្ជាក់ថា ខាងក្រសួងការបរទេសអាមេរិក និងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វី ចំពោះសេចក្ដីរាយការណ៍របស់ Wall Street Journal ទេ ស្របពេលភាគីទាំង២ កំពុងប្រឹងប្រែងដើម្បីរៀបចំជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង នៅអំឡុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងទីក្រុង San Francisco ក្នុងខែវិច្ឆិកានេះ៕

រូបភាពពី Xinhua