(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាការវាយប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួន ដ៏ធំបំផុតមួយ នៅក្នុងតំបន់ហា្កហ្សា អាចជាឧក្រិដ្ឋកម្មសង្រ្គាម ខណៈការព្រួយបារម្ភការពីការផ្ទុះរាលដាលសង្រ្គាមកាន់តែធំ កាន់តែកើនឡើង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ២ថ្ងៃជាប់ៗគ្នាលើជំរំជនភៀសខ្លួនក្នុងទីក្រុង Jabalia នៃតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាច្រើននាក់ និងរងរបួសរាប់រយនាក់។ ក្រុមហាម៉ាសគ្រប់គ្រងតំបន់ហ្កាហ្សា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១៩៥នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើជំរំជនភៀសខ្លួនខាងលើ និង ៧៧៧នាក់បានរងរបួស ខណៈ១២០នាក់កំពុង បាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃអង្គារកន្លងទៅនេះ បានអះអាងថាការវាយប្រហាររបស់ខ្លួនលើជំរំជនភៀសខ្លួន Jabalia បានសម្លាប់មេបញ្ជាការជាន់ ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសឈ្មោះ Ibrahim Biari។ អមជាមួយការទម្លាក់គ្រាប់បែកឥតឈប់ឈរ អ៉ីស្រាអែលក៏កំពុងធ្វើសង្រ្គាមជើងគោកប្រឆាំង ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាផងដែរ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានបើកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិ អ៉ីស្រាអែល ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ២៣០នាក់ជាចំណាប់ខ្មាំង។

បើតាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៨,៧៩៦នាក់ផងដែរ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល៕

រូបភាពពី Reuters