(បុរីវ៉ាទីកង់)៖ សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នៅថ្ងៃពុធសប្ដាហ៍នេះបានមានបន្ទូលថា «ដំណោះស្រាយរដ្ឋ ២» គឺជារឿង ចាំបាច់សម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីបិទបញ្ចប់សង្រ្គាម និងអំពាវនាវឱ្យមានបង្កើតឋានៈពិសេសមួយសម្រាប់ទីក្រុងហ្ស៊េរុយសាឡិម។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី RAI's TG1 សម្ដេចប៉ាប ក៏បានលើកឡើងដែរថាព្រះអង្គផ្ទាល់មានក្ដីសង្ឃឹមថាសង្រ្គាមសព្វថ្ងៃនឹងមិនផ្ទុះ រាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ។ «ពួកគេ (ប្រជាជនអ៉ីស្រាអែល និងប៉ាឡេស្ទីន) ត្រូវតែរួមរស់នៅជាមួយគ្នា នៅក្រោម ដំណោះស្រាយរដ្ឋ ២ ហើយសន្ធិសញ្ញា Oslo បានកំណត់យ៉ាងច្បាស់រដ្ឋ២ និងឋានៈពិសេសសម្រាប់ទីក្រុងហ្ស៊េរុយសាឡិម»។ នេះជាការគូសបញ្ជាក់ របស់សម្ដេចប៉ាប។

គួរបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៣ អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Yitzhak Rabin និងអតីតមេដឹកនាំអង្គការរំដោះប៉ាឡេស្ទីន (Palestine Liberation Organisation) លោក Yasser Arafat បានចុះហត្ថលេខាលើសន្ធិសញ្ញា Oslo ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានស្វ័យភាពមាន ដែនកំណត់។ រហូតដល់ឆ្នាំ២០០០ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton, អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Ehud Barak លោក Arafat បានចូលរួមក្នុងកិច្ចប្រជុំមួយនៅ Camp David ប៉ុន្តែមិនអាចសម្រេចបានសន្ធិសញ្ញាសន្តិភាពចុងក្រោយនោះទេ។

នៅឆ្នាំ១៩៦៧ អ៉ីស្រាអែលបានដណ្ដើមគ្រប់គ្រងទីក្រុងហ្ស៊េរុយសាឡិមខាងកើត (East Jerusalem) ហើយនៅឆ្នាំ១៩៨០ បានប្រកាសចាត់ទុកថា ទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន។ ប៉ាឡេស្ទីនតែងតែរំពឹងជានិច្ចថាអាចនឹងយកទីក្រុងហ្ស៊េរុយសាឡិមខាងកើត ជារដ្ឋធានីរបស់ខ្លួន សម្រាប់ការបង្កើតរដ្ឋមួយនៅពេលអនាគត៕

រូបភាពពី Reuters