(ឡុងដ៍)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា បាននិងកំពុងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យនៃការផ្ទុះរាលដាលទៅជា សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។​ តាមក្រុមមន្ត្រីអាមេរិក ដើម្បីបញ្ចៀសកុំឱ្យរឿងបែបនេះក្លាយជាការពិត ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាចម្បាំងជាច្រើន គ្រឿង និងនាវាផ្ទុកយន្ដហោះចម្បាំង ២គ្រឿង ទៅកាន់តំបន់សមុទ្រមេឌីទេរ៉ាណេខាងកើត ក្នុងគោលដៅកំញើញអ៉ីរ៉ង់ និងបក្ខពួក ព្រមទាំងធ្វើយ៉ាងណាឱ្យសង្រ្គាម អ៉ីស្រាអែល និងហាម៉ាសស្ថិតតែនៅក្នុងតំបន់ហ្កាហ្សា។

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគលោកខាងលិចជាច្រើន នៅតែបន្តការផ្តោតរបស់ពួកគេទៅលើតំបន់ទាំងមូល និងគ្រោះថ្នាក់នៃការផ្ទុះទៅជាសង្រ្គាមក្នុងតំបន់ មជ្ឈិមបូព៌ា ដែលអាចនឹងអូសអ៉ីរ៉ង់ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតឱ្យលូកដៃចូលដោយផ្ទាល់។ ក្នុងន័យនេះភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស សុទ្ធតែមាន «បន្ទាត់ក្រហម» របស់ពួកគេរៀងៗខ្លួន ហើយប្រសិនបើបន្ទាត់ក្រហមនោះត្រូវបានដើររំលង នោះនឹងបង្ខំឱ្យពួកគេមានអារម្មណ៍ថាត្រូវតែធ្វើ សកម្មភាព។

* តើ «បន្ទាប់ក្រហម» នៅឯណា?
កាលពីចុងសប្ដាហ៍កន្លងទៅ អ៉ីរ៉ង់បានចេញសារគំរាមចំៗថា «បន្ទាត់ក្រហម» និងការអត់ធ្មត់របស់ខ្លួនកាន់តែខើចទៅៗហើយ។ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានកត់សម្គាល់លើបណ្ដាញទំនាក់ទំនងសង្គម X​ ថាសកម្មភាពរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា «បានឆ្លងបន្ទាត់ក្រហម» ហើយដែលនេះនឹង បង្ខំឱ្យគេគ្រប់គ្នាត្រូវធ្វើសកម្មភាព។ «ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យពួកយើងនៅស្ងៀមកុំធ្វើអ្វីឱ្យសោះ ប៉ុន្តែពួកគេវិញបែរជាកំពុងផ្ដល់ការគាំទ្រយ៉ាងសម្បើមដល់ អ៉ីស្រាអែល»។ នេះជាការបន្ថែមរបស់លោក Raisi។

ដូច្នេះតើសង្រ្គាមអាចនឹងរាលដាលកាន់តែធំយ៉ាងដូចម្ដេច? ចម្លើយនៃសំណួរនេះត្រូវបានបង្ហើបឱ្យដឹងត្រួសៗរួចហើយកាលពីសប្ដាហ៍មុន នៅពេលដែល សហរដ្ឋអាមេរិក បើកការវាយប្រហារលើកងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ វ៉ាស៊ីនតោន បាននិយាយថាការវាយប្រហារនេះជាការសងសឹក ទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក នៅអ៉ីរ៉ាក់ និងស៊ីរីពីសំណាក់កងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ហើយបើការវាយប្រហារលើកងទ័ពអាមេរិកនៅតែបន្ត កើតឡើង ឬមានកងទ័ពអាមេរិកណាម្នាក់ស្លាប់ នោះការសងសឹកបន្ទាប់របស់សហរដ្ឋអាមេរិកនឹងកាន់តែសាហាវ។

បើតាមក្រុមអ្នកវិភាគលោកខាងលិច តួនាទីរបស់ក្រុមហេសប៊ូលឡាមានមូលដ្ឋាននៅលីបង់ និងមានអ៉ីរ៉ង់ជាខ្នងបង្អែក គឺពិតជាសំខាន់។ តួយ៉ាង បើក្រុមហេសប៊ូលឡា បង្កើនការវាយប្រហារលើអ៉ីស្រាអែល នោះពួកគេមានមីស៊ីលភ្ជាប់ប្រព័ន្ធកំណត់គោលដៅជាក់លាក់គ្រប់គ្រាន់នៅក្នុងឃ្លាំងអាវុធ ដែលអាចបង្ខំឱ្យប្រជាជនអ៉ីស្រាអែល មួយភាគធំត្រូវរត់ទៅជ្រកនៅមូលដ្ឋានការពារពីការទម្លាក់គ្រាប់បែក។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានព្រមានលីបង់ថានឹងរងការ បំផ្លិចបំផ្លាញធ្ងន់ធ្ងរ ប្រសិនបើអ៉ីស្រាអែលរងការវាយប្រហារចេញពីទឹកដីលីបង់។

ក៏ប៉ុន្តែ បើហេសប៊ូលឡាមានគ្រោះថ្នាក់ អ៉ីរ៉ង់ក៏ប្រហែលជាមិនអាចឈរឱបដៃមើលបាននោះដែរ ហើយអាចនឹងប​ញ្ជូនកងទ័ពឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ឱ្យទៅជួយសម្ព័ន្ធមិត្ត របស់ខ្លួន។ នៅត្រង់នេះ អ៉ីស្រាអែលអាចនឹងសម្រេចចិត្តវាយប្រហារលើកងទ័ព IRGC នៅក្នុងទឹកដីអ៉ីរ៉ង់ និងនៅលីបង់។ ក្រៅតែពីអ៉ីរ៉ង់ ចលនាប្រដាប់អាវុធផ្សេងទៀត ក្នុងតំបន់ដែលអ៉ីរ៉ង់គាំទ្រ ក៏អាចនឹងលូកដៃចូលជួយហេសប៊ូលឡាផងដែរ តាមរយៈការបង្កើនការវាយប្រហារលើអ៉ីស្រាអែល និងកងទ័ពអាមេរិកក្នុងតំបន់។ មិនតែប៉ុណ្ណោះ នៅដំណាក់កាលចុងក្រោយ អ៉ីរ៉ង់អាចនឹងគំរាម ឬក៏បិទច្រកសមុទ្រ Hormuz តែម្តង តាមរយៈការដាក់ពង្រាយគ្រាប់មីននៅតាមច្រកសមុទ្រនេះ។ ការធ្វើបែបនេះនឹងធ្វើឱ្យ សេដ្ឋកិច្ចពិភពលោកជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមពីលើវិបតិ្តកំពុងមានស្រាប់ និងគំរាមកំហែងដោយផ្ទាល់ដល់អារ៉ាប៊ីសាអូឌីត ហើយនឹងជំរុញឱ្យកងទ័ពជើងទឹកអាមេរិក ធ្វើសកម្មភាព ដើម្បីបើកច្រកសមុទ្រ Hormuz។ ប៉ុន្តែ អីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងវាយបកលើសហរដ្ឋអាមេរិកវិញ ពោលគឺកងទ័ពអាមេរិក និងមូលដ្ឋានទ័ពនៅក្នុង តំបន់ទាំងមូលដូចជានៅបារ៉ែន អេមីរ៉ាអារ៉ាប់រួម កាតា ស៊ីរី និងអ៉ីរ៉ាក់អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារ។

* ហានិភ័យនៃសង្គ្រាមក្នុងតំបន់ទាំងមូល
កងកម្លាំងប្រដាប់អាវុធមួយគាំទ្រដោយអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិក កំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុតមួយទៀត នោះគឺក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន ដែលធ្លាប់ ធ្វើសង្រ្គាមយ៉ាងសាវហាវឃោរឃៅជាមួយក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ កងកម្លាំងហ៊ូទី ធ្លាប់បានបាញ់គ្រាប់រ៉ុក្កែតតម្រង់ទៅរកអ៉ីស្រាអែលដែរកាលពីសប្ដាហ៍ មុន តែត្រូវបានកងទ័ពអាមេរិកក្នុងតំបន់ស្ទាក់បំផ្លាញ។ សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស បើរាលដាលទៅជាសង្រ្គាមតំបន់ទាំងមូល វានឹងក្លាយជាមហន្តរាយដ៏ធំមួយ ហើយទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក៏សុទ្ធតែដឹងច្បាស់ដែរ។ សង្រ្គាមបែបនេះអាចនឹងផ្ទុះឡើង ក្នុងករណីដែលភាគីពាក់ព័ន្ធជឿជាក់ថាព្រឹត្តិការណ៍មួយដែលកើតឡើងអាច នឹងក្លាយជាគ្រោះថ្នាក់ធំចំពោះពួកគេ បើពួកគេនៅស្ងៀម មិនធ្វើសកម្មភាពឆ្លើយតបទេនោះ។

សម្រាប់អ៉ីស្រាអែល ការវាយលុកចូលតំបន់ហ្កាហ្សា គឺជារឿងត្រូវតែធ្វើដោយចៀសមិនរួច ដើម្បីស្ដារ «ឫទ្ធានុភាព» របស់ខ្លួនឡើងវិញ និងសារព្រមានមួយទៅកាន់សត្រូវ របស់ខ្លួនទាំងអស់ក្នុងតំបន់មជ្ឈិមបូព៌ា កុំឱ្យយកគំរូតាមក្រុមហាម៉ាសដែលហ៊ានប៉ះអ៉ីស្រាអែល។ អ៉ីរ៉ង់វិញជឿជាក់ថាខ្លួនចាំបាច់ត្រូវតែបង្ហាញថា «បក្សសម្ព័ន្ធ» របស់ខ្លួនគឺ កំពុងគាំទ្រប្រជាជនប៉ាឡេស្ទីន ខណៈសហរដ្ឋអាមេរិកជឿថាត្រូវតែសងសឹកឱ្យបានខ្លាំងក្លាទៅនឹងការវាយប្រហារណាមួយលើកងទ័ពរបស់ខ្លួនក្នុងតំបន់។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន ត្រូវបានរាយការណ៍ថាមានយុទ្ធសាស្ត្រដាក់សម្ពាធឱ្យសហរដ្ឋអាមេរិក ដាក់បន្តលើ អ៉ីស្រាអែល។ រីឯខាងសហរដ្ឋអាមេរិកវិញ សង្ឃឹមថាព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន កាតា និងចិន អាចបញ្ចុះបញ្ចូលអ៉ីរ៉ង់លូកដៃចូលក្នុងសង្រ្គាមសព្វថ្ងៃ ដែលបានជំរុញឱ្យមាន កិច្ចសន្ទនាមិនធ្លាប់មានរវាងព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន និងប្រធានាធិបតីអ៉ីរ៉ង់។ ដូចគ្នាទៅនឹងមេដឹកនាំរុស្ស៉ី និងអាល្លឺម៉ង់ មុនសង្រ្គាមលោកលើកទី១​ មេដឹកនាំអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ចង់ជជែកគ្នាសិន ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមដ៏មហន្តរាយមួយផ្ទុះឡើង។ ការសន្ទនាគ្នាក្នុងឆ្នាំ១៩១៤ មិនបានដំណើរការនោះទេ ដោយនាំឱ្យសង្រ្គាមលោកលើកទី១ ផ្ទុះឡើង។ ក៏ប៉ុន្តែសង្ឃឹមថាលើកនេះនឹងដំណើរការទៅចុះ៕