(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានស្វាគមន៍ការជម្លៀសអ្នករបួសជាលើកដំបូង ចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងរបួស និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃរាប់ពាន់នាក់ផ្សេងទៀត ក៏កំពុងត្រូវការការព្យាបាលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

រថយន្តសង្គ្រោះបានដឹកអ្នករបួសពីតំបន់ហ្គាហ្សាស្ទ្រីប មកទទួលការព្យាបាលបន្ទាន់នៅប្រទេសអេហ្ស៊ីបដែលនៅជិតខាង។

អង្គការសុខភាពពិភពលោកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អង្គការសុខភាពពិភពលោកស្វាគមន៍ការសម្រេចចិត្តរបស់អេហ្ស៊ីប ក្នុងការទទួលយកអ្នករបួស និងឈឺចំនួន ៨១ នាក់ពីតំបន់ហ្គាហ្សាស្ទ្រីបដើម្បីទទួលការព្យាបាល»

ខណៈពេលដែលខ្លួនបានស្វាគមន៍ការជម្លៀសប្រជាជនរងរបួសជាលើកដំបូងនេះ អង្គការ WHO បាននិយាយយ៉ាងដូច្នេះថា «ជនស៊ីវិលដែលរងរបួសយ៉ាងធ្ងន់ធ្ងររាប់ពាន់នាក់ទៀត» នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកំពុងត្រូវការការព្យាបាល។

របាយការណ៍បានបន្ថែមថា មានអ្នកជំងឺជាង ១,០០០ នាក់ត្រូវការលាងឈាមដើម្បីរស់។ អ្នកជំងឺជាង ២,០០០ នាក់កំពុងទទួលការព្យាបាលជំងឺមហារីក។ មនុស្ស ៤៥,០០០ នាក់ជាអ្នកជំងឺសរសៃឈាមបេះដូង និងមនុស្ស​ជាង ៦០,០០០ នាក់​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើតំបន់ហ្គាហ្សា ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាសបានវាយលុកព្រំដែនកាលពីថ្ងៃទី ០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ជំរិតយ៉ាងហោចណាស់ ២៤០ នាក់ផ្សេងទៀត រួមទាំងកុមារផងដែរ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។

ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្សជិត ៨,៨០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែល។ ចំនួនអ្នកស្លាប់រួមមានកុមារជាង ៣,៦០០ នាក់ ខណៈមនុស្សជាង ២២,០០០ នាក់បានរងរបួស៕

រូបភាពពី Reuters