(អាស្តាណា)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅដល់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់អាស៉ីកណ្តាល ដែលជាតំបន់ត្រូវបានគេចាត់ទុកជាខាងក្រោយផ្ទះរបស់រុស្ស៉ីជាយូរមកហើយ និងជាទីចាប់អារម្មណ៍របស់លោកខាងលិចក្រោយសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំជាមួយ លោក Kassym-Jomart Tokaev ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Macron បានកោតសរសើរ ទីក្រុងអាស្តាណា ដែលមិននៅខាងរុស្ស៉ីសម្រាប់សង្រ្គាមអ៊ុយក្រែន ហើយថាប្រទេសទាំងពីរគ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ។
លោក Macron បានគូសបញ្ជាក់ថា «យើងអាចដំណើរការទៅមុខលើបញ្ហាអន្តរជាតិសំខាន់ៗ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះធម្មនុញ្ញ និងគោលការណ៍របស់អង្គការសហប្រជាជាតិ ដូចជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ បារាំងឲ្យតម្លៃខ្ពស់ និងដើរតាមគន្លងនៃមិត្តភាពជាមួយកាហ្សាក់ស្ថាន»។
គួរបញ្ជាក់ថា ក្រៅពីកាហ្សាក់ស្ថាន អ៊ូសបេគីស្ថានដែលជាប្រទេសដែលលោក Macron នឹងបន្តដំណើរទស្សនកិច្ចនោះ បានបដិសេធមិនទទួលស្គាល់ ការកាត់បញ្ចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៉ី ហើយសន្យាថាគោរពតាមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ខណៈចាត់ទុករុស្ស៉ី និងប្រទេសលោកខាងលិច ដូចជាបារាំង ថាជាដៃគូយុទ្ធសាស្ត្រ។
រុស្ស៉ីបានសម្តែងការព្រួយបារម្ភ ចំពោះទំនាក់ទំនងការទូតរវាងអតីតដែនដីអាស៉ីកណ្តាលរបស់សូវៀត ជាមួយលោកខាងលិច ដោយរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov និយាយថា ប្រទេសលោកខាងលិចកំពុងព្យាយាមទាញ «អ្នកជិតខាង មិត្តភក្តិ និងសម្ព័ន្ធមិត្ត» របស់រុស្ស៉ី៕
រូបភាពពី Reuters