(ឌូបៃ)៖ ក្រុមប្រដាប់អាវុធ Houthis របស់ប្រទេសយេម៉ែន បានចូលពាក់ព័ន្ធក្នុងសង្គ្រាមអ៉ីស្រាអែល-ហាម៉ាស ដែលស្ថិតនៅចម្ងាយ ខ្ទង់ពាន់គីឡូម៉ែត្រពីទីតាំងឈរជើងរបស់ពួកគេ ក្នុងទីក្រុងសាណា ដោយបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបាញ់យន្តហោះដ្រូន និងមីស៉ីលទៅកាន់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោមសម្ព័ន្ធភាពក្រៅផ្លូវការហៅថា Axis of Resistance ដែលដឹកនាំដោយអ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល និងលោកខាងលិច ក្រុម Houthis បានបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន ចាប់តាំងពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៉ីស្រាអែល។ ក្រុម Houthisបានធ្វើសង្រ្គាមអស់រយៈពេល៨ឆ្នាំ ជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅឯតំបន់ឈូងសមុទ្រ។

អ្នកនាំពាក្យរបស់ក្រុម Houthis លោក Yahya Saree បានប្រកាសតាមទូរទស្សន៍ថា ក្រុមរបស់ខ្លួនបានបាញ់មីស៉ីលផ្លោង និងយន្តហោះដ្រូនមួយចំនួនធំឆ្ពោះទៅរកអ៉ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀត ដើម្បីជួយឲ្យប៉ាឡេស្ទីន ឲ្យទទួលបានជ័យជម្នះ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើរបស់ក្រុម Houthis បង្ហាញឱ្យឃើញពីការរីកធំនៃវិសាលភាពជម្លោះ ដែលបានបង្កើតក្តីបារម្ភខ្លាំង ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ រួមមានទាំងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក ហើយបង្កើនឱ្យមានការភ័យខ្លាចកាន់តែខ្លាំង អំពីការរាលដាលសង្រ្គាម ចំពេលអ៉ីស្រាអែលប្តេជ្ញាកម្ទេចក្រុមហាម៉ាសក្នុងតំបន់ Gaza៕

រូបភាពពី AFP