(ស៉ីដនី)៖ អ្នកស្រុកនៅក្នុងតំបន់ចំនួន ៣ភាគខាងជើង នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី ត្រូវបានណែនាំឲ្យជម្លៀសចេញពី ផ្ទះសម្បែងរបស់ពួកគេនាថ្ងៃពុធនេះ ខណៈភ្លើងឆេះព្រៃរីករាលដាលមិនអាចគ្រប់គ្រងបាន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមពន្លត់អគ្គីភ័យមកពីទូទាំងអូស្ត្រាលី និងនូវែលសេឡង់ បាននិងកំពុងប្រយុទ្ធនឹងភ្លើងឆេះក្នុងរដ្ឋ Queensland ដែលបានសម្លាប់មនុស្ស ២នាក់រួចមកហើយ និងបំផ្លាញផ្ទះរាប់សិបខ្នង។ ប្រជាជននៅតំបន់ជាប់គ្នាពីរក្បែរទីក្រុង Dalveen ត្រូវបានបញ្ជាឲ្យជម្លៀសចេញជាបន្ទាន់។ ភ្លើងឆេះនៅតំបន់នោះ ក៏ប៉ះពាល់ដល់រដ្ឋជិតខាង គឺ New South Wales ឆ្ពោះទៅភាគខាងត្បូងផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ អាជ្ញាធរអូស្រ្តាលី បានចេញការព្រមានលើកទី៣ សម្រាប់តំបន់ប៉ែកខាងជើងបំផុតនៃរដ្ឋ Queensland ផងដែរ នៅក្បែរទីជនបទ Watsonville៕

រូបភាពពី Reuters