(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញ​ទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៉ីនតោន​និងទីក្រុងសេអ៊ូល ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោក Park និងលោក Blinken ក៏នឹងជជែកគ្នាផងដែរអំពីបញ្ហាសន្តិសុខសេដ្ឋកិច្ច ហើយនិងកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាឧស្សាហកម្ម ព្រមទាំងបញ្ហានានាក្នុងតំបន់ដែលពាក់ព័ន្ធផលប្រយោជន៍នៃប្រទេសទាំងពីរ។ ទស្សនកិច្ចរបស់លោក Blinken នឹងក្លាយជាទស្សនកិច្ចលើកទី១ របស់ប្រមុខការទូតសហរដ្ឋអាមេរិក ក្នុងរយៈពេល២ឆ្នាំកន្លះ នៅកូរ៉េខាងត្បូង។ វាកើតមានចំពេលដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយគ្នា ព្រមទាំងការរីកធំឡើង​នៃក្តីកង្វល់ អំពីកិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងជើង ជាមួយប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា យ៉ាងណាមិញ មុនធ្វើដំណើរមកកាន់កូរ៉េខាងត្បូង លោក Blinken ជាដំបូងនឹងបំពេញទស្សនកិច្ចសាជាថ្មី ទៅកាន់​តំបន់មជ្ឈិមបូព៌ានៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈអ៉ីស្រាអែលកំពុងតែបង្កើនការវាយលុកតាមជើងគោក ចូលក្នុងដែនដីប៉ាឡេស្ទីន Gaza Strip ដែលជាការ​ចាប់ផ្តើមដំណាក់កាលទី២ នៃសង្រ្គាមយ៉ាងក្តៅគគុករបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ លោក Blinken នឹង​ធ្វើដំណើរទៅកាន់អ៉ីស្រាអែល ហើយនឹងបន្តទៅបំពេញទស្សនកិច្ច នៅតាមប្រទេសមួយចំនួនទៀតក្នុងតំបន់៕