(ដាក្កា)៖ អ្នកនាំពាក្យគណបក្សជាតិនិយមបង់ក្លាដែស BNP ដែលជាគណបក្សប្រឆាំងធំជាងគេបំផុត នៅប្រទេសអាស៉ីខាងត្បូងមួយនេះ បានអះអាងថា BNP នឹងធ្វើពហិការការបោះឆ្នោតសកល ប្រសិនបើនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina មិនព្រមបើកផ្លូវឱ្យរដ្ឋាភិបាលអព្យាក្រឹតមួយ ជាអ្នករៀបចំការបោះឆ្នោតនោះ ចំពោះមុខសកម្មភាពបង្រ្កាបសកម្មជនក៏ដូចជាអ្នកនយោបាយប្រឆាំង និងការធ្វើបាតុកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យខាងលើបាននិយាយថា គណបក្ស BNP ដែលថ្នាក់ដឹកនាំកំពូល ស្ថិតក្រោមការជាប់ឃុំឃាំង ឬការនិរទេសខ្លួន កំពុងភ្នាល់ថា ប្រសិនបើលោកស្រី Hasina នៅតែមិនព្រមលាលែងពីតំណែង ហើយអនុញ្ញាតឱ្យមានរដ្ឋាភិបាលចាំផ្ទះបណ្តោះអាសន្ន ការធ្វើពហិការការបោះឆ្នោតសកលនៅខែមករា ឆ្នាំ២០២៤ នឹងមិនផ្តល់ភាពស្របច្បាប់នោះឡើយ ចំពោះជ័យជម្នះណាមួយរបស់លោកស្រី ហើយអាចនឹងនាំឱ្យមានការដាក់ទណ្ឌកម្មពីអន្តរជាតិថែមទៀត។ កាលពីឆ្នាំ២០១៤ គណបក្ស BNP ក៏បានធ្វើពហិការការបោះឆ្នោតសកលផងដែរ ប៉ុន្តែបានចូលរួមឡើងវិញកាលពីឆ្នាំ២០១៨។
លោកស្រី Hasina ដែលកំពុងព្យាយាមស្វែងរកការបន្តកាន់អំណាច៤អាណត្តិជាប់ៗគ្នា បានបដិសេធម្តងហើយម្តងទៀត ចំពោះការទាមទារឱ្យផ្ទេរអំណាច ទៅកាន់រដ្ឋាភិបាលចាំផ្ទះ។ អង្គការសិទ្ធិមនុស្ស Amnesty International បានចោទរដ្ឋាភិបាលរបស់លោកស្រី អំពីសកម្មភាពចាប់ខ្លួនសមាជិកក្រុមប្រឆាំងក្នុងទ្រង់ទ្រាយធំ ជាពិសេសក្រោយបាតុកម្មកាលពីចុងសប្តាហ៍មុន ក្រោមគោលដៅសម្លុតគំរាមពួកគេ នៅមុនការបោះឆ្នោត។
បើតាមគណបក្ស BNP ប៉ូលិសបានចាប់សកម្មជនរបស់ខ្លួនសរុបជិត២,៣០០នាក់ គិតចាប់តាំងពីបាតុកម្មថ្ងៃទី២៨ ខែតុលា ដែលទាមទារឱ្យលោកស្រី Hasina លាលែងពីតំណែង ហើយប៉ុន្មាននាក់ទៀតបានបាត់បង់ជីវិត។ ចំណែកប៉ូលិសបានអះអាងថា ការចាប់ខ្លួនមួយចំនួន គឺពាក់ព័ន្ធទៅនឹងការស្លាប់នៃមន្រ្តីប៉ូលិសម្នាក់ អំលុងបាតុកម្មកាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា គូប្រជែងចម្បងរបស់លោកស្រី Hasina និងជាអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស២សម័យកាល គឺប្រមុខគណបក្ស BNP លោកស្រី Khaleda Zia កំពុងស្ថិតក្រោមការឃុំឃាំងនៅក្នុងផ្ទះ ពាក់ព័ន្ធការចោទប្រកាន់អំពើពួករលួយ ខណៈកូនប្រុសលោកស្រី គឺលោក Tarique Rahman ដែលជាប្រមុខស្តីទីរបស់ BNP កំពុងតែរស់នៅនិរទេសខ្លួន ក្រោយរងការចោទប្រកាន់ពីបទល្មើសមួយចំនួន។ រីឯអគ្គលេខាធិការ BNP លោក Mirza Fakhrul Islam Alamgir ក៏ត្រូវបានឃាត់ខ្លួនយកទៅសួរចម្លើយផងដែរ ពាក់ព័ន្ធបាតុកម្មហិង្សា កាលពីចុងសប្តាហ៍មុន៕
រូបភាពពី Reuters