(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត កំពុងសម្លឹងមើលជម្រើសដែលអាចទៅរួចជាច្រើន សម្រាប់អនាគតនៃតំបន់ Gaza Strip ប្រសិនបើក្រុមហាម៉ាស ត្រូវបានកម្ចាត់ចេញដោយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងប្រាប់គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិក លោក Blinken បាននិយាយថា ស្ថានភាពដើមនៃការដែលតំបន់ Gaza ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស គឺមិនអាចបន្តទៀតបានឡើយ ប៉ុន្តែអ៉ីស្រាអែលក៏មិនចង់គ្រប់គ្រងដែនដីនេះដែរ។ លោកប្រមុខការទូតអាមេរិកបានបន្តថា នៅចន្លោះគោលជំហរទាំងពីរនេះ គឺមានជម្រើសផ្សេងៗជាច្រើន ដែលសហរដ្ឋអាមេរិកផ្ទាល់ ព្រមទាំងប្រទេសដទៃទៀត កំពុងតែសម្លឹងមើលយ៉ាងដិតដល់បំផុត។
លោក Blinken បានលើកឡើងទៀតថា ជម្រើសដែលហាក់សមហេតុផលជាងគេ គឺទុកឱ្យអាជ្ញាធរប៉ាឡេស្ទីនជាអ្នកគ្រប់គ្រងតំបន់ Gaza ក៏ប៉ុន្តែសំណួរនៅត្រង់ថា តើរឿងនោះអាចសម្រេចទៅបានដែរ ឬយ៉ាងណា។ ប្រសិនបើមិនអាចទេនោះ វាប្រហែលតម្រូវឱ្យមានការរៀបចំផ្សេងទៀតជាលក្ខណៈបណ្តោះអាសន្ន ដែលអាចពាក់ព័ន្ធ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ហើយអាចពាក់ព័ន្ធបណ្តាស្ថាប័នអន្តរជាតិ ដែលនឹងជួយផ្តល់ទាំងការធានាសន្តិសុខ និងអភិបាលកិច្ច។
គួរបញ្ជាក់ថា ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង១,៤០០នាក់ នៅប្រទេសអ៉ីស្រាអែល អ៉ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះទាំងស្រុង តាមរយៈការធ្វើសង្រ្គាមទាំងតាមផ្លូវអាកាសនិងផ្លូវគោក ដែលកំពុងបន្តឥតឈប់ឈរនៅតំបន់ Gaza។ យ៉ាងណាមិញ អ៉ីស្រាអែលហាក់ពុំទាន់មានផែនការច្បាស់លាស់ សម្រាប់ទីបញ្ចប់នៃសង្រ្គាមរបស់ខ្លួននៅឡើយទេ។ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ជាថ្មីម្តងទៀត៕
រូបភាពពី AFP