(គែរ)៖ អ្នកនាំពាក្យកងពលតូច Al Qassam ដែលជាកងកម្លាំងប្រដាប់អាវុធរបស់ហាម៉ាស បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហាម៉ាសបានជូនដំណឹងទៅកាន់ ក្រុមអ្នកជួយសម្រុះសម្រួលជម្លោះថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួន នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

​យ៉ាងណាមិញ លោក Abu Ubaida ដែលជាអ្នកនាំពាក្យខាងលើ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីចំនួនជាក់លាក់នៃចំណាប់ខ្មាំង​ទាំងនោះ ឬមួយក៏សញ្ជាតិរបស់ពួកគេឡើយ។ អ្នកនាំពាក្យក្រុមហាម៉ាសបានបន្តថា កងកម្លាំងរបស់ខ្លួនបានបន្តប្រយុទ្ធគ្នាជាមួយទាហាន​របស់អ៉ីស្រាអែល ហើយបានបង្កឱ្យស្លាប់និងរបួសកងទ័ពអ៉ីស្រាអែលមួយចំនួន ព្រមទាំងបំផ្លាញយានយោធាបាន២២គ្រឿង។

គួរបញ្ជាក់ថា ទន្ទឹមគ្នានោះ លោក Abu Ubaida ក៏បានបដិសេធផងដែរ ចំពោះការអះអាងថា ចំណាប់ខ្មាំងម្នាក់ដែលទើបត្រូវបានរំដោះ​ដោយអ៉ីស្រាអែល គឺពីមុនមកស្ថិតក្រោមកណ្តាប់ដៃរបស់ក្រុមហាម៉ាស ដោយលោកបានលើកឡើងថា ចំណាប់ខ្មាំងជាច្រើននាក់ បានស្ថិត​ក្រោមកណ្តាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធដទៃទៀត នៅតំបន់ Gaza Strip។ ការលើកឡើងនោះ ហាក់ចង់សំដៅលើស្រី្តឈ្មោះ Ori Megidish ជាទាហានអ៉ីស្រាអែលម្នាក់ ដែលយោធាអ៉ីស្រាអែល បានអះអាងកាលពីដើមសប្តាហ៍នេះថា ត្រូវបានរំដោះឱ្យមានសេរីភាព នៅ Gaza អំលុងប្រតិបត្តិការជើងគោករបស់អ៉ីស្រាអែល៕

រូបភាពពី AFP