(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការវាយប្រហាររបស់អ៊ុយក្រែន លើកងទ័ពជើងទឹករុស្ស៉ីនៅសមុទ្រខ្មៅ បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូថយចុះ ខណៈកំពុងលើកទឹកចិត្តដល់កងទ័ព របស់លោកឱ្យប្រឹងប្រែងតស៊ូប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «នៅពេលដែលការឈ្លានពានចាប់ផ្តើម មនុស្សជាច្រើនមិនជឿថា អ៊ុយក្រែន អាចនឹងនៅរស់រានមានជីវិតនោះទេ។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះអ្នកដែលមិនរាថយ និងមិនចុះញម ហើយជឿជាក់លើ អ៊ុយក្រែន ដូចដែលពួកគេបានធ្វើកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយនឹងអ្នកដែលតស៊ូគាំទ្រឥតងាករេ»

លោក ហ្សេលេនស្គី បានឲ្យដឹងទៀតថា កងទ័ពរបស់លោកទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអំណាចយោធារបស់ទីក្រុងមូស្គូ នៅសមុទ្រខ្មៅ ហើយការគាំទ្រកាន់តែខ្លាំងពីសម្ព័ន្ធមិត្ត នឹងនាំទៅដល់ជ័យជម្នះទាំងស្រុងលើរុស្ស៉ី។

គួរបញ្ជាក់ថា ថ្វីបើមានការវាយបកយ៉ាងខ្លាំក្លាប្រឆាំងនឹងកងទ័ពរុស្ស៉ី ជាច្រើនខែក៏ដោយ ក៏ខ្សែបន្ទាត់ជួរមុខដ៏ធំនៅសមរភូមិភាគខាងកើត និងខាងត្បូង ទទួលបានលទ្ធលតិចតួច ដែលជំរុញឲ្យមានការមិនសប្បាយចិត្ត ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន របស់អ៊ុយក្រែន៕

រូបភាពពី Reuters