(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធ ទី១ ខែវិច្ឆិកានេះបានរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងចិន ៤៣គ្រឿង នៅជុំវិញ ដែនកោះរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានព្រមានជារឿយៗថានឹងប្រើកម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ នៅថ្ងៃណាមួយ ក្នុងករណីចាំបាច់ ហើយបានបង្កើនការដាក់សម្ពាធទាំងខាងយោធា និងការទូតលើតៃវ៉ាន់គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣នេះ។

តាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិន ៤៣គ្រឿង និងនាវាចម្បាំង ៧គ្រឿងបានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ។ ក្រសួងបន្ថែមថាក្នុងចំណោមយន្ដហោះចម្បាំង ទាំងនេះទៀតសោត មាន ៣៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ និងហោះចូលក្នុងតំបន់ការពារដែន អាកាស ADIZ នៅភាគនិរតី និងភាគអាគ្នេយ៍របស់តៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ ចិនបានបញ្ជូនយន្ដហោះចម្បាំង ១០៣គ្រឿងឱ្យធ្វើសកម្មភាពហោះហើរជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង៕

រូបភាពពី Xinhua