(ឡាប៉ាស)៖ ប្រទេសបូលីវី នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ដោយសារតែការវាយប្រហារលើតំបន់ហ្កាហ្សា ខណៈកូឡុំប៊ី និងស៊ីលី បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនរៀងៗខ្លួន ប្រចាំអ៉ីស្រាអែលមកស្រុកវិញដើម្បីពិគ្រោះយោបល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងទាំង៣ បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹងក្រុមហាម៉ាសដែល បានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់ និងចាប់មនុស្ស ២៣០នាក់ជាចំណាប់ខ្មាំង នៅក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៧ ខែតុលា។

នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសបូលីវី លោក Freddy Mamani បានលើកឡើងថា បូលីវីបានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងការទូត ជាមួយអ៉ីស្រាអែល ដោយសារតែការវាយប្រហារជ្រុសហួសហេតុលើតំបន់ហ្កាហ្សា។ ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងទាំង៣ បានអំពាវនាវឱ្យមាន បទឈប់បាញ់ ហើយក្នុងនោះបូលីវី និងស៊ីលីបានជំរុញឱ្យមានច្រករបៀងសម្រាប់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា និងបានចោទប្រកាន់ផងដែរ ថាអ៉ីស្រាអែលកំពុងរំលោភបំពានច្បាប់អន្តរជាតិ។

មិនតែប៉ុណ្ណោះ នៅលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានហៅការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ ហ្កាហ្សា ថាជាសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែ ខាងក្រសួងការបរទេសអ៉ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា បូលីវី ធ្លាប់កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ក្នុងឆ្នាំ២០០៩ នៅក្រោមរដ្ឋាភិបាលដឹកនាំដោយអតីតប្រធានាធិបតី លោក Evo Morales ជាការបង្ហាញការប្រឆាំងជំទាស់ទៅនឹងសកម្មភាពរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សានៅពេលនោះ។ រហូតដល់ឆ្នាំ២០២០ ទំនាក់ទំនងការទូត ត្រូវបានស្ដារឡើងវិញនៅក្រោមរដ្ឋាភិបាលដឹកនាំដោយអតីតប្រធានាធិបតីបូលីវីស្ដីទី លោកស្រី Jeanine Anez។

តាមការឱ្យដឹងពីមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨,៥២៥នាក់ហើយ ក្នុងនោះមានទាំងកុមារ ៣,៥៤២នាក់។ ចំណែក ប្រជាជនច្រើនជាង ១.៤លាននាក់នៃប្រជាជនហ្កាហ្សាសរុប ២.៣លាននាក់ កំពុងគ្មានផ្ទះសម្បែងស្នាក់នៅ៕

រូបភាពពី Reuters