(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចថ្មីមួយទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈអ៉ីស្រាអែលកំពុងបង្កើនការវាយលុកតាមជើងគោកចូលក្នុងតំបន់ហ្កាហ្សា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រី Blinken នឹងធ្វើដំណើរទៅកាន់អ៉ីស្រាអែល នៅថ្ងៃសុក្រ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីរដ្ឋាភិបាល អ៉ីស្រាអែល ហើយនឹងបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនទៀតក្នុងតំបន់»

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លោក Blinken បានធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល ដើម្បីបង្ហាញការគាទ្ររបស់សហរដ្ឋអាមេរិក។ ក្នុងដំណើរទស្សនកិច្ចនៅពេលនោះ លោកក៏បានជួបមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ផងដែររួមមាន ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប ហើយត្រឡប់ទៅកាន់អ៉ីស្រាអែលវិញ។ នៅថ្ងៃទី១៨ ខែតុលា លោក Blinken បានអមដំណើរ លោក ចូ បៃដិន ទៅកាន់អ៉ីស្រាអែលសាជាថ្មី។

ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល បានសម្លាប់មនុស្ស ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាង ២៣០នាក់ជាចំណាប់ខ្មាំង ហើយបើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោច ៨,៥០០នាក់ហើយ ភាគច្រើនជាជនស៊ីវិល៕

រូបភាពពី​ AFP