(ម៉ានីល)៖ ប្រជាជនហ្វីលីពីននៅទីក្រុងម៉ានីល បានធ្វើបាតុកម្មនៅមុខស្ថានទូតអ៊ីស្រាអែ នៅថ្ងៃអង្គារដើម្បីតវ៉ាប្រឆាំងនឹងការកាន់កាប់ប៉ាឡេស្ទីន និងការទម្លាក់គ្រាប់បែកដ៏សាហាវដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
បាតុកម្មនេះត្រូវបានរៀបចំឡើងដោយក្រុមសង្គមស៊ីវិល រួមទាំងក្រុម Bayan ដែលជាសម្ព័ន្ធក្រុមមូលដ្ឋានធំបំផុតរបស់ប្រទេសហ្វីលីពីន រួមទាំងសមាគមនារី បុគ្គលិកពេទ្យ ពលករចំណាកស្រុក និងនិស្សិត។
បាតុកររាប់រយនាក់បានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរថា «អ្នកមិនចាំបាច់ធ្វើជាមូស្លីមដើម្បីការពារប៉ាឡេស្ទីនទេ អ្វីដែលអ្នកត្រូវការភាពជាមនុស្ស» «បញ្ឈប់ការប្រល័យពូជសាសន៍» និង «បញ្ឈប់ការកាន់កាប់របស់អ៊ីស្រាអែលលើប៉ាឡេស្ទីនឥឡូវនេះ!» ជាដើម។
ប្រធានក្រុម Bayan លោក Renato Reyes បានប្រាប់អ្នកសារព័ត៌មានថា បាតុកម្មតវ៉ានេះដំបូងឡើយ ត្រូវបានគ្រោងនឹងធ្វើនៅខែវិច្ឆិកាទេ ប៉ុន្តែដោយសារតែការបង្កើនការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្គាហ្សា និងការសម្រេចចិត្តរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការធ្វើតាមការដឹកនាំរបស់សហរដ្ឋអាមេរិក និងបដិសេធពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ ដូច្នេះចាំបាច់ត្រូវចុះផ្លូវឥឡូវនេះ។
លោកបាននិយាយដូច្នេះទៀតថា «ចលនាតវ៉ានេះកើតឡើងក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងប្រឆាំងយ៉ាងខ្លាំងចំពោះអំពើប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តប្រឆាំងនឹងប៉ាឡេស្ទីន»។
លោកបានសង្កត់ធ្ងន់ថា «នេះគឺជាការតវ៉ាដែលសំដៅប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល ហើយជាការពិតណាស់ក៏ប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលហ្វីលីពីន ដែលបានបដិសេធមិនបោះឆ្នោតលើដំណោះស្រាយដ៏សំខាន់របស់អង្គការសហប្រជាជាតិ»។
លោក Reyes ក៏បានចង្អុលបង្ហាញពីបទពិសោធន៍រស់នៅរបស់ប្រជាជនហ្វីលីពីន ក្នុងការតស៊ូប្រឆាំងនឹងការកាន់កាប់ជាង ៣០០ ឆ្នាំនៃការគ្រប់គ្រងអាណានិគមអេស្ប៉ាញពីឆ្នាំ ១៥៦៥ ដល់ឆ្នាំ ១៨៩៨ និងជិតប្រាំទសវត្សរ៍នៃអាណានិគមអាមេរិកពីឆ្នាំ ១៨៩៨ ដល់ឆ្នាំ ១៩៤៦៕
រូបភាពពី AFP