(ព្យុងយ៉ាង)៖ ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃអង្គារនេះថា ការបញ្ចប់បេសកកម្មការទូតរបស់កូរ៉េខាងជើង ក្នុងប្រទេសអង់ហ្គោឡា និងអ៊ូហ្កង់ដា នាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថាកូរ៉េខាងជើង កំពុងជួបបញ្ហាលំបាកក្នុងការរកប្រាក់ នៅក្រៅប្រទេសដោយសារតែទណ្ឌកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

អង់ហ្គោឡា និងអ៊ូហ្កង់ដាបានពង្រឹងទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ១៩៧០មក ដោយរក្សាបាន នូវកិច្ចសហប្រតិបត្តិការយោធា និងជាប្រភពផ្តល់រូបិយប័ណ្ណបរទេសដ៏កម្រមួយសម្រាប់កូរ៉េខាងជើង ដូចជាលើគម្រោងធ្វើរូបចម្លាក់ជាដើម។ ប៉ុន្តែ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានទៅជួបសំដែងការគួរសម និងជម្រាបលាមេដឹកនាំអង់ហ្គោឡា និងអ៊ូហ្កង់ដា កាលពីសប្តាហ៍មុន ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអាហ្វ្រិកទាំងពីរនេះ ក៏បានរាយការណ៍ពីការបិទស្ថានទូតកូរ៉េខាងជើងនៅទីនោះផងដែរ។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានឲ្យដឹងថា ការដកខ្លួននេះឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃទណ្ឌកម្មអន្តរជាតិ ដែលមានបំណងទប់ស្កាត់ការផ្តល់មូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «នេះអាចជាសញ្ញាមួយបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចដ៏លំបាករបស់កូរ៉េខាងជើង ដែលពិបាកក្នុងការរក្សាទំនាក់ទំនងការទូត សូម្បីតែចំណាយតិចតួចបំផុតជាមួយបណ្តាប្រទេសដែលមានមិត្តភាពប្រពៃណី»

គួរបញ្ជាក់ថា កូរ៉េខាងជើង មានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៥៩ ប៉ុន្តែមានបេសកកម្មការទូតចំនួន ៥៣ នៅក្រៅប្រទេស រួមទាំងស្ថានកុងស៊ុលចំនួន ៣ និងការិយាល័យតំណាងចំនួន ៣ រហូតដល់ប្រទេសនេះដកខ្លួនចេញពីប្រទេសអង់ហ្គោឡា និងអ៊ូហ្កង់ដា៕

រូបភាពពី Reuters