(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកមានបំណងបញ្ចប់ការចូលរួមរបស់ប្រទេសហ្កាបុង នីហ្សេ អ៊ូហ្កង់ដា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅក្នុងកម្មវិធីពាណិជ្ជកម្មដើម្បីកំណើននិងឱកាសនៅអាហ្រ្វិក (AGOA)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានសភាតំណាងរាស្រ្ត លោក បៃដិន បានបញ្ជាក់ថា «ទោះបីជាមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងសហរដ្ឋអាមេរិក ជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហ្កាបុង នីហ្សេ និងអ៊ូហ្កង់ដា ក៏ប្រទេសទាំងនេះនៅតែបរាជ័យ ក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក អំពីការមិនអនុលោមតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន AGOA»

លោក បៃដិន និយាយថា លោកមានបំណងបញ្ចប់ការចាត់ថ្នាក់ប្រទេសទាំងនេះថា ជាប្រទេសតំបន់ខាងត្បូងវាលខ្សាច់សាហារ៉ា នៃទ្វីបអាហ្រ្វិក ដែលទទួលផលក្រោម AGOA ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ លោក បៃដិន ក៏នឹងបន្តវាយតម្លៃថា តើពួកគេបានបំពេញតាមតម្រូវការនៃសិទ្ធិ ដើម្បីទទួលបានរបស់កម្មវិធីនេះដែរឬអត់ផងដែរ។

គួរបញ្ជាក់ថា បើតាមលោក បៃដិន ការឈានទៅចាត់វិធានការបែបនេះ ដោយសារតែមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទៅលើសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងអ៊ូហ្កង់ដា។ ក្រៅពីនោះ គឺភាពបរាជ័យរបស់នីហ្សេ និងហ្កាប៊ុង ក្នុងការបង្កើត ឬធ្វើឲ្យមានភាពរីកចំរើនក្នុងការការពារគោលការណ៍ និងនីតិរដ្ឋ។

ដោយចាប់ផ្តើមកាលពីឆ្នាំ២០០០ កម្មវិធីពាណិជ្ជកម្មដើម្បីកំណើន និងឱកាសនៅអាហ្រ្វិក (AGOA) បានផ្តល់ឱកាសដល់ការនាំចេញពី ប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយមិនគិតពន្ធ។ AGOA នឹងផុតកំណត់ នៅខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែការពិភាក្សាកំពុងដំណើរការរួចហើយថា តើនឹងត្រូវតែបន្តឬអត់ ហើយក្នុងរយៈពេលប៉ុន្មានទៀត៕

រូបភាពពី Reuters