(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិត ក្រោយមានការធ្លាក់ភ្លៀងខ្លាំងជោគជាំអស់ប៉ុន្មានថ្ងៃ នៅភាគកណ្តាលនិងភាគខាងជើងប្រទេស ដែលបានធ្វើឱ្យជន់លិចផ្ទះសម្បែងនិងផ្លូវថ្នល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
ច្រកចូលទៅកាន់សហគមន៍មួយចំនួន នៅខេត្ត Ha Tinh ភាគកណ្តាល ត្រូវបានកាត់ផ្តាច់ ខណៈប៉ូលិសនិងទាហាន ត្រូវបានចល័តដើម្បីជួយសង្រ្គោះប្រជាជន នៅតាមតំបន់រងហានិភ័យខ្ពស់។ ស្រ្តីម្នាក់រួមទាំងក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានរកឃើញស្លាប់ នៅខេត្ត Ha Tinh ក្រោយត្រូវចរន្តទឹកហូរខ្លាំងនាំគួចយកទៅ។ រីឯស្រ្តីអាយុ២៩ឆ្នាំម្នាក់ ក៏បានបាត់ខ្លួនផងដែរ។
លំនៅឋានរាប់រយខ្នង ផ្ទៃដីស្រែ-ចម្ការ ហើយនិងផ្នែកខ្លះនៃបណ្តាញផ្លូវថ្នល់ និងផ្លូវដែកជាតិ ដែលតភ្ជាប់រវាងភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានជន់លិចដោយសារទឹកជំនន់។ ចំណែកនៅខេត្ត Cao Bang ភាគខាងជើងប្រទេសជាប់ព្រំប្រទល់ចិនវិញ បុរសម្នាក់បានស្លាប់ នៅពេលដើមឈើធំមួយដួលរលំ សង្កត់ទៅលើផ្ទះអំលុងភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា គិតចាប់តាំងពីដើមឆ្នាំនេះ គ្រោះធម្មជាតិ រួមមានទាំងទឹកជំនន់និងគ្រោះរអិលបាក់ដី បានបណ្តាលឱ្យមនុស្ស ១៣៦នាក់ស្លាប់ ឬបាត់ខ្លួន នៅប្រទេសវៀតណាម ខណៈលំនៅឋានជាង២១,០០០ខ្នង បានរងការខូចខាត ហើយផ្ទៃដីដំណាំដាំដុះជាង១៤០,០០០ហិកតា ត្រូវបានបំផ្លិចបំផ្លាញ។ វៀតណាមតែងតែទទួលរង ឥទ្ធិពលអាកាសធាតុអាក្រក់ៗជាញឹកញាប់ នៅអំលុងរដូវភ្លៀងចន្លោះខែមិថុនា និងវិច្ឆិកា៕
រូបភាពពី AFP