(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងនៃអង្គភាពប្រឆាំងភេរវកម្មនៃប្រទេសឥណ្ឌូណេស៉ី បានចាប់ខ្លួនជនសកម្មប្រយុទ្ធសរុប៥៩នាក់ ក្នុងនោះរួមមានទាំងពួកស្មោះស្ម័គ្រនឹងក្រុម JAD ផងដែរ ដែលជាប់សង្ស័យមានផែនការចង់រារាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ី ដែលនឹងប្រព្រឹត្តទៅ ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
លោក Aswin Siregar អ្នកនាំពាក្យកងកម្លាំងបង្រ្កាបភេរវកម្ម Densus 88 បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យខាងលើ គឺរួមមាន១៩នាក់មកពីក្រុម Jemaah Islamiah (JI) ដែលមានទំនាក់ទំនងជាមួយនឹងក្រុមភេរវករ al Qaeda ខណៈ៤០នាក់ទៀតមកពីក្រុម JAD ដែលបានបង្ហាញភក្តីភាពចំពោះក្រុមភេរវករ ISIS។
បើតាមការអះអាងរបស់លោក Aswin ក្រុមជនសកម្មប្រយុទ្ធរបស់ពួក JAD ជាប់សង្ស័យថា មានគម្រោងបើកការវាយប្រហារនៅតាមស្ថានីយប៉ូលិស ដើម្បីរារាំងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក Aswin បានឱ្យដឹងទៀតថា ក្រុមជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួនអំលុងប្រតិបត្តិការ កាលពីចន្លោះថ្ងៃទី២ ដល់ថ្ងៃទី២៨ ខែតុលា ហើយប៉ូលិសក៏រឹបអូសបានកាំភ្លើងមួយចំនួន ព្រមទាំងសារធាតុគីមីដើម្បីផលិតគ្រាប់បែកផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមូស្លីមដែលមានប្រជាជនច្រើនជាងគេ ហើយប្រទេសអាស៊ានមួយនេះ បានជួបប្រទះការវាយប្រហារជាបន្តបន្ទាប់ ដោយក្រុមសកម្មប្រយុទ្ធឥស្លាម នៅក្នុងបណ្តាឆ្នាំ ក្រោយព្រឹត្តិការណ៍មហាភេរវកម្ម ១១ កញ្ញា ២០០១ នៅឯសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំង ការបំផ្ទុះគ្រាប់បែកនៅកោះទេសចរណ៍ Bali កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ ភាគច្រើនជាអ្នកទេសចរអូស្រ្តាលី។ ការបំផ្ទុះគ្រាប់បែកនោះ ត្រូវបានជឿជាក់ថា រៀបចំឡើងដោយក្រុម JI។ យ៉ាងណាមិញ ក្រុមអ្នកវិភាគផ្នែកសន្តិសុខ បាននិយាយថា ការគំរាមកំហែងនៃក្រុមសកម្មប្រយុទ្ធនៅឥណ្ឌូណេស៉ី មានការថយចុះយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមូលហេតុចម្បងដោយសារតែ ប្រតិបត្តិការជោគជ័យរបស់កងកម្លាំងសន្តិសុខ៕
រូបភាពពី Reuters