(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អវកាសយានិកចិន៣នាក់ បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ ដោយសុវត្ថិភាព បន្ទាប់ពីចំណាយពេល៥ខែ ស្នាក់នៅលើស្ថានីយអវកាសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិក លោក Jing Haipeng, លោក Zhu Yangzhu និងលោក Gui Haichao ​បានមកដល់​ទីតាំងចុះចត Dongfeng កាលពីវេលាម៉ោង៨៖១១នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់វាលខ្សាច់ Gobi ភាគខាងជើងប្រទេសចិន។ CCTV បានរាយការណ៍ថា ស្ថានភាពសុខភាពរបស់អវកាសយានិកចិនទាំង៣រូប គឺល្អប្រសើរជាធម្មតា ហើយបេសកកម្ម Shenzhou-16 គឺជាបេសកកម្មទទួលបានជោគជ័យទាំងស្រុង។

អ្នកទាំង៣បានធ្វើដំណើរឡើងទៅកាន់ស្ថានីយអវកាស Tiangong ដែលជារបស់ប្រទេសចិនផ្ទាល់ កាលពីចុងខែឧសភា ហើយបានស្នាក់នៅទីនោះ អស់រយៈពេល១៥៤ថ្ងៃ។ អវកាសយានិកទាំង៣ បានធ្វើការស្រាវជ្រាវវិទ្យាសាស្រ្តផ្សេងៗនៅក្នុងស្ថានីយ ហើយក៏បានចេញបណ្តែតខ្លួនជាច្រើនម៉ោង ដើម្បីបំពេញការងារនៅខាងក្រៅស្ថានីយថែមទៀតផង។ កាលពីសប្តាហ៍មុន ចិនបានបញ្ជូន​អវកាសយានិក៣នាក់ថ្មី ដើម្បីឡើងផ្លាស់វេនស្នាក់នៅក្នុងស្ថានីយ Tiangong តាមរយៈបេសកកម្ម Shenzhou-17។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានពន្លឿនផែនការដើម្បីក្លាយជាមហាអំណាចអវកាសធំមួយ ចាប់តាំងតែពីប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានឡើងកាន់អំណាច កាលពីជាង១ទសវត្សរ៍មុនមក។ ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២មួយនេះ បានវិនិយោគថវិការាប់ពាន់លានដុល្លារ ទៅក្នុងកម្មវិធីវិស័យអវកាសរបស់ខ្លួន ដើម្បីដើរឱ្យទាន់សហរដ្ឋអាមេរិកក៏ដូចជារុស្ស៉ី។ ដោយឡែក ចិនក៏មាន​គោលដៅផងដែរ ក្នុងការបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទនៅត្រឹមឆ្នាំ២០៣០ ហើយបន្ទាប់មកទៀត នឹងកសាងមូលដ្ឋានមួយនៅទីនោះ៕

រូបភាពពី Xinhua