(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរកូរ៉េខាងត្បូងបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីមន្រ្តីប៉ូលិស២នាក់ បានរងការវាយប្រហារដោយកាំបិត នៅខាងក្រៅបរិវេណទីតាំងមួយ ដែលជាកន្លែងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងស្ថិតនៅ ក្នុងរដ្ឋធានីសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា មន្រ្តីប៉ូលិសម្នាក់ត្រូវបានកាំបិតចាក់ចំផ្ទៃពោះ និងម្នាក់ទៀតត្រូវចំដៃខាងឆ្វេង ហើយប៉ូលិសទាំងពីរ កំពុងទទួលការសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមសេចក្តីរាយការណ៍របស់ Yonhap បុរសម្នាក់មានវ័យប្រហែលខ្ទង់៧០ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធហេតុការណ៍នោះ។ ចំណែក ចេតនានៅពីក្រោយការវាយប្រហារ គឺពុំទាន់អាចដឹងច្បាស់នៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារដោយកាំបិតនាថ្ងៃអង្គារនេះ កើតឡើងនៅក្រៅបរិវេណទីតាំងមួយកន្លែង ដែលអគារក្រសួងការពាជាតិ ព្រមទាំងអគារការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ស្ថិតនៅ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានសម្រេចចិត្តផ្លាស់ប្តូរ ទីតាំងការិយាល័យប្រធានាធិបតី មកកាន់ទីតាំងបច្ចុប្បន្ន ដែលស្ថិតក្នុងសង្កាត់ Yongsan កណ្តាលទីតាំងទីក្រុងសេអ៊ូល ចេញពីវិមានខៀវ ឬ Cheong Wa Dae ដែលបានបម្រើជាការិយាល័យ និងកន្លែងស្នាក់នៅ របស់ប្រធានាធិបតីនៃប្រទេសអាស៉ីបូព៌ាមួយនេះ ចាប់ពីចន្លោះឆ្នាំ១៩៤៨ ដល់ឆ្នាំ២០២២៕
រូបភាពពី AFP