(បាងកក)៖ រដ្ឋមន្រ្តីការបរទេសថៃ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចបន្ទាន់មួយ ទៅកាន់ប្រទេសកាតានិងអេហ្ស៉ីប នាថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីជោគវាសនារបស់ជនជាតិថៃសរុប២២នាក់ ដែលត្រូវបានចាប់យកទៅធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អំលុងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
តួលេខចុងក្រោយបំផុតពីអាជ្ញាធអ៉ីស្រាអែល គឺចំណាប់ខ្មាំងសរុបជាង២៣០នាក់ កំពុងស្ថិតក្រោមកណ្តាប់ដៃរបស់ក្រុមហាម៉ាស នៅតំបន់ Gaza Strip ខណៈក្រសួងការបរទេសថៃ កន្លងមកបានប្រាប់ថា មាន២២នាក់នៅក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ គឺជាពលរដ្ឋថៃ។ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោក កំពុងតែប្រឹងប្រែងជាខ្លាំង ដើម្បីព្យាយាមនាំយកពលរដ្ឋថៃត្រឡប់មកមាតុភូមិវិញ។
លោក សេដ្ឋា បានចាត់បញ្ជូនរដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara ឱ្យធ្វើដំណើរទៅជួបនាយករដ្ឋមន្រ្តីកាតា ដែលកាន់តួនាទីជា រដ្ឋមន្រ្តីការបរទេសផងដែរ នាថ្ងៃអង្គារនេះ មុនជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប នៅថ្ងៃពុធ។ ក្រសួងការបរទេសថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Parnpree នឹងជជែកពីស្ថានភាពជនជាតិថៃ ដែលជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា មានជនជាតិថៃសរុបប្រហែល៣០,០០០នាក់ ធ្វើការនៅប្រទេសអ៉ីស្រាអែល នៅពេលដែលជម្លោះផ្ទុះឡើង ខណៈ៣២នាក់ បានស្លាប់ និង១៩នាក់បានរងរបួស៕
រូបភាពពីក្រសួងការបរទេសនៃប្រទេសថៃ