(បេរូត)៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកកំពុងធ្វើការដើម្បីបញ្ចៀសសង្រ្គាម ទោះបីជា ភាពតានតឹងបាន និងកំពុងកើនឡើងនៅព្រំដែនភាគខាងត្បូងលីបង់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

លោក Najib Mikati បានបញ្ជាក់ថា ប្រជាជនលីបង់ទទួលរងនូវសង្រ្គាមគ្រប់គ្រាន់ហើយ។ លោកបន្ថែមថា Hezbollah ដែលជាក្រុមប្រដាប់អាវុធ មានសមត្ថភាពខ្លាំងជាងកងទ័ពជាតិលីបង់ កំពុងគ្រប់គ្រងស្ថានការណ៍ប្រកបដោយហេតុផល និងប្រាជ្ញា។ ប៉ុន្តែលោក Mikati បានសម្តែងការភ័យខ្លាចថា ប្រសិនបើលីបង់ធ្លាក់ចូលក្នុងសង្រ្គាម នោះអាចធ្វើឲ្យជម្លោះក្នុងតំបន់កាន់តែរីកធំ និងបានព្រមានថាភាពវឹកវរអាចវាយលុកតំបន់មជ្ឈិមបូព៌ាទាំងមូល។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុម Hezbollah និងអ៉ីស្រាអែល បានបើកការវាយប្រហារកាន់តែជ្រៅ ទៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក បង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថាការប្រយុទ្ធគ្នានេះអាចហួសពីការគ្រប់គ្រង។ ការវាយប្រហារផ្តោតជាចម្បងលើទីតាំងយោធា និងក្រុមយុទ្ធជន ប៉ុន្តែនៅតែមានជនស៉ីវិលមួយចំនួនស្លាប់។ អ្នកស្រុកនៅក្នុងភូមិភាគច្រើនដែលរងការបាញ់ប្រហារនៅលីបង់ បានភៀសខ្លួនទៅកាន់ទីតាំងឈរជើង របស់ ក្រុម Hezbollah ស្ថិតនៅជាយរដ្ឋធានីបេរូត ដោយក្នុងពេលនេះ មានតែនៅតំបន់នោះទើបមានសុវត្ថិភាព៕

រូបភាពពី Reuters