(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថាលោកមានទំនុកចិត្តលើសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក នឹងអាចបន្តគាំទ្រសំណើសុំមូលនិធិបន្ថែមសម្រាប់យោធាអ៊ុយក្រែន ទោះជាមានភាព​ចលាចល​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ពាក់ព័ន្ធ នឹងកៅអីប្រធានសភាតំណាងរាស្ត្រអាមេរិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

លោក Kuleba បានប្រាប់ទូរទស្សន៍រដ្ឋអ៊ុយក្រែន យ៉ាងដូច្នេះថា «រឿងសំខាន់គឺលទ្ធផល ថាតើនឹងមានការគាំទ្រគ្រប់គ្រាន់ឬអត់? ហើយពេលនេះ យើង មានហេតុផលច្រើន ដើម្បីជឿថានឹងមានការគាំទ្រពីសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក សម្រាប់សំណើសុំការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន»។ លោក Kuleba បន្តថា លោកបានដឹងអំពីការតស៊ូផ្នែកនយោបាយយ៉ាងខ្លាំងចំពោះសំណើសុំកញ្ចប់ថវិកា ហើយថាវានឹងជារឿងខុសឆ្គងសម្រាប់សមាជិក តំណាងរាស្ត្រអាមេរិក ក្នុងការមិនអនុម័តដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានបោះឆ្នោតជ្រើសរើសលោក Mike Johnson មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកអភិរក្សមានបទពិសោធន៍ដឹកនាំតិចតួចឲ្យក្លាយជាប្រធានថ្មី។ លោក Johnson បានប្រាប់ Fox News ថាលោកមានការព្រួយបារម្ភអំពី ការផ្តល់មូលនិធិទូទៅសម្រាប់អ៊ុយក្រែន ខណៈប្រធានាធិបតី លោក ចូ បៃដិន ចង់បានមូលនិធិបន្ថែមចំនួន ១០៦ពាន់លានដុល្លារ ដោយថវិកាភាគច្រើន នឹងយកទៅជួយអ៊ុយក្រែន ហើយនៅសល់នឹងប្រើសម្រាប់ជួយដល់អ៉ីស្រាអែល តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការកិច្ចការអនុវត្តតាមព្រំដែន៕

រូបភាពពី Reuters