(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ ទី៣១ ខែតុលានេះបានរាយការណ៍ថារដ្ឋមន្ត្រីសន្តិសុខចិន លោក Wang Xiaohong បានបើក កិច្ចពិភាក្សាជាមួយក្រុមមន្ត្រីនៃរបបសឹកមីយ៉ាន់ម៉ា ស្ដីពីការថែរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនជាប់គ្នានៃប្រទេសទាំង២ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច និងយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light លោក Wang Xiaohong ដែលជាសមាជិកគណៈរដ្ឋមន្ត្រីចិន និងក្រុមប្រឹក្សារដ្ឋផងនោះ បានជួប ពិភាក្សារដ្ឋមន្ត្រីមហាផ្ទៃមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ឯក Yar Pyae ក្នុងរដ្ឋធានីណៃពិដោរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានបន្ថែមថារដ្ឋមន្ត្រីទាំង២ បានពិភាក្សាគ្នាពីសន្តិភាព និងភាពសុខសាន្តនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង២ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការពង្រឹងច្បាប់ និងសន្តិសុខ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ។

គួរបញ្ជាក់ថា ជំនួបរវាងលោក Wang Xiaohong និងលោក Yar Pyae កើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងជនជាតិដើម ភាគតិច និងយោធាមីយ៉ាន់ម៉ា នៅរដ្ឋ Shan នៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាទីដែលគម្រោងផ្លូវដែកមួយមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ត្រូវ បានគ្រោងឡើងក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន៕

រូបភាពថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បង្ហាញពីមីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ចេញពី មូលដ្ឋានមួយរបស់យោធាមីយ៉ាន់ម៉ា ក្នុងទីក្រុង Lashio នៃរដ្ឋ Shan៖ AFP