(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារ ទី៣១ ខែតុលានេះបានប្រកាសពីកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយ ក្រុមហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសជប៉ុន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសជប៉ុន កញ្ចប់ទណ្ឌកម្មខាងលើក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បត្តិបុគ្គល និងក្រុមហ៊ុនមួយដែល បានផ្ដល់មូលនិធិទៅឱ្យក្រុមហាម៉ាស និងជាការអនុវត្តស្របទៅតាមទណ្ឌកម្មថ្មីប្រកាសដោយសហរដ្ឋអាមេរិក កាលពីដើមខែតុលាកន្លងទៅនេះ។

នេះគឺជាកញ្ចប់ទណ្ឌកម្មដំបូងបំផុតរបស់ជប៉ុន ចាប់តាំងពីក្រុមហាម៉ាសបានវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧​ ខែតុលា ដែលបានសម្លាប់ មនុស្ស ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល ខណៈការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស ក៏បានសម្លាប់មនុស្សជាង ៨,៣០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលផងដែរ៕

រូបភាពពី Reuters