(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកមិនគាំទ្រការអំពាវនាវបច្ចុប្បន្នឱ្យ មានបទឈប់បាញ់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនោះទេ ប៉ុន្តែការផ្អាកការប្រយុទ្ធដើម្បីអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ ហ្កាហ្សា គួរតែត្រូវបានយកមកពិចារណាជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់សេតវិមានកើតមានឡើង ចំពេលកងទ័ពថ្មើរជើងអ៉ីស្រាអែល បាន និងកំពុងពង្រីកការប្រយុទ្ធជាមួយក្រុមហាម៉ាស ក្នុង តំបន់ហ្កាហ្សា អមជាមួយការទម្លាក់គ្រាប់បែកលើតំបន់មួយនេះជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែលដែលបាន សម្លាប់មនុស្សជាង ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ចំណែក ការវាយប្រហារសងសឹករបស់ អ៉ីស្រាអែលលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាសបានសម្លាប់មនុស្សជាង ៨,៣០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល។

នៅក្នុងសនិ្នសីទសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងមិនជឿ នោះទេថាបទឈប់បាញ់មួយក្នុងពេលបច្ចុប្បន្ន គឺជារឿងត្រឹមត្រូវ។ យើងមិនគាំទ្របទឈប់បាញ់ក្នុងពេលនេះនោះឡើយ»។ អ្នកនាំពាក្យរូបនេះ បន្តថាសហរដ្ឋអាមេរិកមានជំនឿចិត្តថាចំនួនរថយន្ដដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា តាមរយៈច្រកព្រំដែន Rafah ជាប់ជាមួយអេហ្ស៉ីប នឹងកើនឡើងដល់១០០គ្រឿង ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក៏បានច្រានចោលបទឈប់បាញ់នៅក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសផងដែរ ដោយចាត់ទុកថាការធ្វើបែបនេះមានន័យស្មើសុំចុះចាញ់ក្រុមហាម៉ាស៕

រូបភាពពី AFP