(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថានឹងមិនមានបទឈប់បាញ់នៅក្នុងសង្រ្គាម របស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសនោះទេ ស្របពេលអង្គការសហប្រជាជាតិបានព្រមានពីការខ្វះខាតនៃលំហូរជំនួយមនុស្សធម៌ ដើម្បី ដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

លោក Netanyahu ធ្វើការកត់សម្គាល់ខាងលើប្រាប់បណ្ដាសារព័ត៌មានបរទេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថាការ ទទួលយកបទឈប់បាញ់ គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ខណៈសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល ក៏បាន បដិសេធបទឈប់បាញ់ផងដែរ។ «ការអំពាវនាវឱ្យមានបទឈប់បាញ់ចំពោះអ៉ីស្រាអែល គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ចុះចាញ់ភេរវកម្ម... ដូច្នេះរឿងនេះនឹងមិនកើតឡើងនោះទេ»។ នេះជាការបញ្ជាក់របស់លោក Netanyahu ដោយសន្យាថាអ៉ីស្រាអែលនឹង ប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះក្នុងសង្រ្គាមនេះ។

គួរបញ្ជាក់ថា កងទ័ពថ្មើរជើងអ៉ីស្រាអែល បាននិងកំពុងពង្រីកការប្រយុទ្ធជាមួយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា អមជាមួយការទម្លាក់ គ្រាប់បែកលើតំបន់មួយនេះជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែលដែលបាន សម្លាប់មនុស្សជាង ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ចំណែក ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស បានសម្លាប់មនុស្សជាង ៨,៣០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល៕

រូបភាពពី AFP