(មូស្គូ)៖ រុស្ស៊ីកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចោទប្រកាន់អ៊ុយក្រែនថា បានដើរតួនាទីសំខាន់នៅក្នុងការជំរុញកុប្បកម្មប្រឆាំងអ៊ីស្រាអែល នៅឯអាកាសយានដ្ឋានមួយក្នុងតំបន់ Dagestan ដែលមានប្រជាជនមូស្លីមភាគច្រើនរស់នៅកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃរុស្ស៉ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប៉ូលីសកំពុងគ្រប់គ្រងអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Dagestan ដែលមានប្រជាជនមូស្លីមរស់នៅភាគច្រើន ហើយបានចាប់ខ្លួនមនុស្សចំនួន ៦០នាក់ បន្ទាប់ពីក្រុមអ្នកប្រឆាំងអ៉ីស្រាអែលរាប់រយនាក់ នាំគ្នាសម្រុកចូលទីតាំងនេះកាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះមកពីអ៉ីស្រាអែលចុះចត។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «របបឧក្រិដ្ឋកម្មរបស់ក្រុងកៀវ បានដើរតួនាទីផ្ទាល់ និងសំខាន់ក្នុងការអនុវត្តសកម្មភាពបំផ្លិចបំផ្លាញចុងក្រោយបង្អស់នេះ»

មិនមានការឆ្លើយតបភ្លាមៗពីទីក្រុងកៀវ ចំពោះការចោទប្រកាន់ទាំងនេះទេ ហើយក្រសួងការបរទេសអ៊ុយក្រែនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារ AFP ដែរ។

វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទនេះថា កុប្បកម្មគឺជាលទ្ធផលនៃ «ការជ្រៀតជ្រែកពីបរទេស» ហើយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចប្រជុំមន្ត្រីសន្តិសុខរុស្ស៊ីដើម្បីពិភាក្សាអំពី «ការប៉ុនប៉ងរបស់លោកខាងលិចដើម្បីបែងចែកសង្គមរុស្ស៊ី»

រូបភាពពី AFP