(កៀវ)៖ អ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារផ្នែកមួយ នៃប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅឧបទ្វីបគ្រីមៀកាលពីយប់ថ្ងៃអាទិត្យ ខណៈក្រុងមូស្គូបាននិយាយថា ខ្លួនបានរារាំងការប៉ុនប៉ងវាយប្រហារដោយមីស៊ីលដ៏ធំ នៅឧបទ្វីបនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
អង្គភាពទំនាក់ទំនងយុទ្ធសាស្ត្ររបស់កងទ័ពអ៊ុយក្រែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «កងកម្លាំងប្រដាប់អាវុធបានទទួលជោគជ័យ ក្នុងការវាយលុកគោលដៅយុទ្ធសាស្ត្រ នៃប្រព័ន្ធការពារដែនអាកាសនៅឆ្នេរសមុទ្រភាគខាងលិច នៃឧបទ្វីបគ្រីមៀដែលកាន់កាប់»។
ទោះជាយ៉ាងណា មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យដឹងនោះទេ ហើយរុស្ស៊ីក៏មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការដែរ។ ក្រោយមកនៅថ្ងៃចន្ទនេះ រុស្ស៊ីបាននិយាយថា ដែនការពារដែនអាកាសរបស់ខ្លួន បានបាញ់បំផ្លាញកាំជ្រួចចំនួនប្រាំបីគ្រាប់របស់អ៊ុយក្រែនដោយជោគជ័យ ដែលបានបាញ់មកលើឧបទ្វីបនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយយ៉ាងដូច្នេះថា «នៅថ្ងៃទី៣០ ខែតុលាប្រហែលម៉ោង ១:០០ រសៀល (ម៉ោងក្នុងតំបន់) ការប៉ុនប៉ងវាយប្រហារដោយរបបកៀវ ជាមួយនឹងមីស៊ីល Cruise Storm Shadow ចំនួនប្រាំបីលើគោលដៅនៅឧបទ្វីបគ្រីមៀត្រូវបានរារាំង»។
របាយការណ៍បានបន្ថែមថា «ជាលទ្ធផលនៃប្រព័ន្ធការពារដែនអាកាស មីស៊ីលទាំងអស់ត្រូវបានបាញ់ទម្លាក់»។
Cruise Storm Shadows គឺជាប្រព័ន្ធកាំជ្រួចដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសដែលមានរយៈចម្ងាយឆ្ងាយជាង ២៥០ គីឡូម៉ែត ដែលអាចឱ្យទីក្រុងកៀវវាយប្រហារគោលដៅជ្រៅ នៅពីក្រោយជួរមុខនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។
គួរបញ្ជាក់ថា ទីក្រុងកៀវបានបង្កើនការវាយប្រហាររបស់ខ្លួនលើឧបទ្វីបសមុទ្រខ្មៅ ដែលទីក្រុងមូស្គូបានកាត់បញ្ចូលក្នុងឆ្នាំ ២០១៤ ចាប់តាំងពីខ្លួនបានបើកការវាយប្រហារតបតទៅលើកងកម្លាំងរុស្ស៊ីកាលពីដើមឆ្នាំនេះ៕
រូបភាពពី AFP