(តូក្យូ)៖ បាតុករប្រមាណ ១,០០០នាក់ មកពីសហគមន៍អ៊ីស្លាមរបស់ប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់ Ichigaya នៃទីក្រុងតូក្យូក្បែរស្ថានទូតអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាចំពោះការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ក្រុម​បាតុករ​បាន​សម្តែង​ការ​ខឹងសម្បារ​ ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​របស់​កងទ័ព​​អ៊ីស្រាអែល​លើ​ជន​ស៊ីវិល​នៅ​តំបន់​ហ្គាហ្សា។ ស្ត្រីប៉ាឡេស្ទីនម្នាក់ដែលមានគ្រួសារនៅហ្គាហ្សាបានប្រាប់អ្នកសារព័ត៌មានថា សមាជិកនៃគ្រួសាររបស់នាង ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយថានាងចង់ឃើញបទឈប់បាញ់មួយ។

សហគមន៍នៃជាតិសាសន៍ផ្សេងៗគ្នាដូចជា ឥណ្ឌូនេស៊ី បង់ក្លាដែស ប៉ាគីស្ថាន ម៉ារ៉ុក តួក និងអ៊ូសបេក បានស្រែកពាក្យស្លោកដូចជា «អ៊ីស្រាអែលជាភេរវករ»។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលល បានសម្លាប់មនុស្សជាង ៨,០០០នាក់នៅខាងប៉ាឡេស្ទីន ហើយរដ្ឋាភិបាលអ៊ីស្រាអែល បដិសេធមិនប្រកាសបទឈប់បាញ់ ដោយសារហេតុផលមនុស្សធម៌ បើទោះបីជាមានដំណោះស្រាយរបស់អង្គការសហប្រជាជាតិក៏ដោយ។

បាតុករ​បានប្រមូលផ្តុំគ្នា​នៅជិត​ស្ថានទូត​អ៊ីស្រាអែល​ក្នុង​ទីក្រុង​តូក្យូ ហើយ​បាន​លើក​ពាក្យ​ស្លោក​ថា «រំដោះប៉ាឡេស្ទីន​» «អ៊ីស្រាអែល​ជា​ភេរវករ» និង «ពី​ទន្លេ​ដល់​សមុទ្រ ប៉ាឡេស្ទីន​នឹង​ត្រូវ​បាន​រំដោះ»។ ពួកគេក៏បានថ្កោលទោស «អំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តឡើងដោយអ៊ីស្រាអែល» ហើយបានអំពាវនាវឱ្យពិភពលោក កុំធ្វើមិនដឹងមិនលឺចំពោះអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប៕

រូបភាពពី AFP