(អូប៊ូដាប៊ី)៖ រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក James Cleverly នាថ្ងៃចន្ទនេះ បានប្រាប់ថា ចក្រភពអង់គ្លេសកំពុងព្យាយាម ជំរុញឱ្យមានការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្ន នៅឯតំបន់ Gaza Strip ដើម្បីអាចឱ្យជំនួយមនុស្សធម៌បន្ថែមទៀត ត្រូវដឹកជញ្ជូនចូល​ទៅដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

ការផ្តល់ជំនួយទៅកាន់ Gaza ត្រូវបានបិទខ្ទប់យ៉ាងខ្លាំងបំផុត ចាប់តាំងពីអ៉ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកខ្លាំងក្លាពុំធ្លាប់មាន ទៅលើតំបន់នោះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ លោក Cleverly បាននិយាយថា ជំនួយមនុស្សធម៌ដែលកំពុងហូរចូលទៅកាន់តំបន់ Gaza គឺមានកម្រិតតិចតួចណាស់ ដោយវាត្រូវការ​បង្កើនឱ្យខ្លាំងថែមទៀត។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅទីក្រុង Abu Dhabi លោកប្រមុខការទូតចក្រភពអង់គ្លេស បាននិយាយដូច្នេះថា «យើងកំពុងធ្វើការ​យ៉ាងខ្នះខ្នែងជាមួយអេហ្ស៉ីប អ៉ីស្រាអែល និងភាគីដទៃទៀត ដើម្បីព្យាយាមជំរុញឱ្យមានបទឈប់បាញ់ដើម្បីបុព្វហេតុមនុស្សធម៌ ពោលគឺ​បទឈប់បាញ់បណ្តោះអាសន្នមួយ ដើម្បីផ្តល់ឱកាសឱ្យយើងអាចនាំយកមនុស្សធម៌បន្ថែម ទៅកាន់ប្រជាជននៅតំបន់ Gaza ដែលកំពុងតែ​ត្រូវការពួកវាជាចាំបាច់បំផុត»។ យ៉ាងណាមិញ លោក Cleverly មិនបានអំពាវនាវឱ្យផ្អាកសង្រ្គាមទាំងស្រុងឡើយ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ អ៉ីស្រាអែលបានបដិសេធការអំពាវនាវរបស់អន្តរជាតិ រួមមានទាំងអង្គការសហប្រជាជាតិផងដែរ ដែលចង់ឱ្យមានបទឈប់បាញ់ដើម្បីបុព្វហេតុមនុស្សធម៌ ក្នុងសកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន លើតំបន់ Gaza ដែលបាន​បង្ខំឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោច១លាននាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង ហើយជាង៨,០០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ បើយោង​តាមការអះអាង របស់អាជ្ញាធរនៅទីនោះ។ នៅថ្ងៃចន្ទនេះ លោក Cleverly នឹងត្រូវជួបរដ្ឋមន្រ្តីការបរទេសអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan៕

រូបភាពពី Reuters