(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មាន AP អាមេរិកបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅអាមេរិករបស់លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនថា "បាននាំមកនូវក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងចិននិងអាមេរិក"។

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា លោក Wang Yi បានទៅអញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិក តាមការអញ្ជើញរបស់ភាគីអាមេរិក។ ក្នុងអំឡុងពេលនេះ លោក Bidenប្រធានាធិបតីអាមេរិកបានជួបសន្ទនាជាមួយលោក Wang Yi។ លោក Wang Yi ក៏បានជួបពិភាក្សាការងារ២ជុំ ជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងបានជួបសន្ទនាជាមួយលោក Sullivan ជំនួយការប្រធានាធិបតីអាមេរិកទទួលបន្ទុក កិច្ចការសន្តិសុខជាតិផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់មន្ត្រីជាន់ខ្ពស់ចិននៅអាមេរិក ចាប់តាំងពីមន្ត្រីជាន់ខ្ពស់អាមេរិកច្រើនរូប បានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីខែមិថុនាឆ្នាំ២០២៣មក។

"ភាគីទាំងពីរបានឯកភាពគ្នាថានឹងធ្វើការខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរ នៅសាន់ហ្វ្រាន់ស៊ីស្កូ" បានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋាន មានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ អ្នកវិភាគបានលើកឡើងថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាច្បាស់លាស់មួយ ដែលធ្វើឱ្យអ្នកទាំងឡាយមានហេតុផលរក្សាមតិយោបល់ សុទិដ្ឋិនិយមតែក៏ត្រូវមានភាពមធ្ស័ត ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអាមេរិក ក្នុងមួយរយៈពេលអនាគត។

ប្រទេសចិនមានអាកប្បកិរិយាច្បាស់លាស់ ក្នុងដំណើរទស្សនកិច្ចលើកនេះ ហើយបានដាក់ចេញយ៉ាងច្បាស់លាស់នូវ "ការចាំបាច់ចំណុច៥" សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ដែលបូករួមទាំង ចាំបាច់ត្រូវគោរពគំនិតឯកភាពរួម ដែលប្រមុខរដ្ឋប្រទេសទាំងពីរសម្រេចបាន ចាំបាច់ត្រូវធ្វើឱ្យមានលំនឹងនូវទំនាក់ទំនងទ្វេភាគីចិននិងអាមេរិក ចាំបាច់ត្រូវរក្សាភាពរលូននៃការប្រាស្រ័យទាក់ទង ចាំបាច់ត្រូវគ្រប់គ្រងវិវាទនិងជម្លោះ និងចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយបានលើកឡើងយ៉ាងច្បាស់ថា នេះគឺជាបទពិសោធន៍និងមេរៀនដែលបូកសរុប បានក្នុងដំណើរដ៏បត់បែននៃទំនាក់ទំនងចិននិងអាមេរិកនៅឆ្នាំ២០២៣។

អាមេរិកក៏បានបង្ហាញឥរិយាបថដ៏វិជ្ជមាន ចំពោះការនេះផងដែរ ដោយគូសបញ្ជាក់ថា ភាគីអាមេរិកសង្ឃឹមថាទំនាក់ទំនង រវាងប្រទេសទាំងពីរ នឹងមានស្ថិរភាពនិងនិរន្តរភាព។ ដោយសារប្រឈមមុខនឹងសម្ពាធ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បានជារដ្ឋាភិបាលអាមេរិកអណត្តិនេះ កាន់តែត្រូវការពិន្ទុបន្ថែមក្នុងវិស័យការទូត។ ក្នុងកិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកជុំនេះ ភាគីអាមេរិកបានបង្ហាញពីការផ្លាស់ប្ដូរទិសដៅយ៉ាងសកម្ម និងប្រាកដប្រជា ក៏ដូចការប៉ាន់ប្រមាណផងដែរ។

នាពេលបច្ចុប្បន្ននេះ ពីដំណើរការជាបន្តបន្ទាប់នៃក្រុមការងារសេដ្ឋកិច្ច និងក្រុមការងារហិរញ្ញវត្ថុចិននិងអាមេរិក រហូតដល់ការស្តារឡើងវិញយឺតៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រាស្រ័យទាក់ទងក្នុងតំបន់ និងបម្រែបម្រួលអាកាសធាតុជាដើម ការប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់រវាងចិននិងអាមេរិក កំពុងកាន់តែញឹកញាប់។ ភាគីទាំងពីរបានណាត់គ្នា នឹងរៀបចំការពិគ្រោះពិភាក្សាអំពីកិច្ចការសមុទ្រ ការគ្រប់គ្រងសព្វាវុធ ការបង្ការមិនឱ្យរីកសាយភាយអាវុធនុយក្លេអ៊ែរ និងគោលនយោបាយការទូតរវាងចិន និងអាមេរិកជាដើមនៅពេលជិតៗខាងមុខ ហើយបានឯកភាពគ្នាក្នុងការបង្កើនជើងយន្តហោះដឹក អ្នកដំណើរត្រង់បន្ថែមទៀត។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ទំនាក់ទំនងរវាងចិននិងអាមេរិកគឺពាក់ព័ន្ធនឹងវាសនារបស់មនុស្សជាតិ។ អ្វីដែលសំខាន់បំផុតនោះ គឺការអនុវត្តគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។ ការយល់ដឹងដ៏ត្រឹមត្រូវ និងការក្តាប់ជាប់យ៉ាងស៊ីជម្រៅរបស់ប្រទេសចិន ចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាកត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនង រវាងចិននិងអាមេរិកឱ្យអភិវឌ្ឍទៅរកទិសដៅវិជ្ជមាននិងរឹងមាំ។

ទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិននិងអាមេរិក មានសារសំខាន់សម្រាប់ខ្លួននិងពិភពលោក។ សញ្ញាវិជ្ជមានដែលកិច្ចជំនួបជាន់ខ្ពស់រវាងចិន និងអាមេរិកលើកនេះបានបង្ហាញនោះ ធ្វើឱ្យអ្នកទាំងឡាយមានហេតុផលកាន់អាកប្បកិរិយាសុទិដ្ឋិនិយម តែក៏ត្រូវមានភាពមធ្ស័តចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកហើយរំពឹងថា ភាគីអាមេរិកនឹងមានភាពក្លាហាននិងតម្រិះប្រាជ្ញា យ៉ាងពេញលេញដើម្បីដើរស្របតាមទិសដៅជាមួយប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន