(ប៉េកាំង)៖ ពេលថ្មីៗនេះ កប៉ាល់ហ្វីលីពីនបានសម្រុកចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren'ai នៅសមុទ្រចិនខាងត្បូងម្តងទៀត ហើយមានចេតនា "បំបុក" នាវាឆ្មាំសមុទ្ររបស់ចិនដែលអនុវត្តច្បាប់នៅនឹង កន្លែងនិងទូកនេសាទចិន ដែលកំពុងធ្វើការងារនេសាទជាប្រក្រតី ដើម្បីប្រឌិតមតិសាធារណៈអន្តរជាតិថា «ប្រទេសចិនដែលជាប្រទេសធំបានធ្វើបាបប្រទេសតូច»។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រើប្រាស់អ្វីដែលហៅថា "ការកាត់ក្តីនៃរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដើម្បីចោទប្រកាន់ប្រទេសចិនថា បានបំពានច្បាប់អន្តរជាតិ។

លោកស្រី Anna Malindog អនុប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ "សតវត្សរ៍អាស៊ី" របស់ហ្វីលីពីនបានថ្លែងក្នុងពេល ផ្តល់បទសម្ភាសន៍ថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ប្រទេសចិនមិនបានរារាំងហ្វីលីពីនក្នុងការដឹកជញ្ជូន សម្ភារៈមនុស្សធម៌ទៅកាន់នាវាចម្បាំង ដែលទុកចោលនៅថ្មប៉ប្រះទឹក Ren'ai ទេ។ ប៉ុន្តែហ្វីលីពីនប៉ុនប៉ងបដិបក្ខគ្នា ជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូង នេះគឺសកម្មភាពកម្រោលដែលនឹកស្មានមិនដល់ អ្វីដែលហៅថាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង តាមពិតទៅគឺជាការបោកបញ្ឆោត ចំពោះសាធារណជនហ្វីលីពីនតែប៉ុណ្ណោះ។

លោកស្រី Anna Malindog បានចង្អុលបង្ហាញថា និយាយត្រង់ៗទៅ សហរដ្ឋអាមេរិកមិនដែលធ្វើពលិកម្ម ដើម្បីរឿងដែលមិនអាចទទួលបានផលចំណេញនោះទេ អាមេរិកកំពុងចាត់ទុកហ្វីលីពីនជាកូនអុកសម្រាប់ប្រឆាំងនឹងប្រទេសចិន ដើម្បីជំរុញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ពួកគេ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រសិនបើរដ្ឋាភិបាលលោក Marcos មិនអាចមើលច្បាស់នូវក្តារអុកភូមិសាស្ត្រនយោបាយនេះ នោះជោគវាសនារបស់ប្រទេសហ្វីលីពីន នឹងមិនច្បាស់លាស់ ហើយក៏នឹងធ្វើឱ្យស្ថានការណ៍តានតឹងដ៏ស្មុគ្រស្មាញ នៅតំបន់ទាំងមូលកាន់តែធ្ងន់ធ្ងរឡើងផងដែរ៕