(ហ្សាការតា)៖ បេក្ខជន២នាក់ ដែលមានលទ្ធភាពក្លាយជាអ្នកបន្តវេនពី ប្រធានាធិបតីឥណ្ឌូណេស៉ីផុតអាណត្តិ លោក Joko Widodo នាថ្ងៃចន្ទនេះ បានចេញមុខអំពាវនាវឱ្យរូបលោករក្សាអព្យាក្រឹតភាព រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើង​នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៉ី លោក Anies Baswedan និងលោក Ganjar Pranowo បានទទូចឱ្យលោក Joko Widodo បន្តរក្សាអព្យាក្រឹតភាព នៅមុនការបោះឆ្នោតដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក៏នឹងមានការចូលរួមប្រកួតប្រជែង​ផងដែរ ពីសំណាក់រដ្ឋមន្រ្តីការពារជាតិលោក Prabowo Subianto ដែលបានជ្រើសរើសកូនប្រុសលោកប្រធានាធិបតីឥណ្ឌូណេស៉ី ធ្វើជា​ដៃគូឈរឈ្មោះ។

គួរបញ្ជាក់ថា នៅឥណ្ឌូណេស៉ី ប្រធានាធិបតីគឺមានសិទ្ធិបង្ហាញការគាំទ្រដល់បេក្ខជនណាដែលខ្លួនពេញចិត្ត ហើយប្រសិនបើមានប្រជាប្រិយភាព​ខ្ពស់​ទៀតនោះ ប្រធានាធិបតីត្រូវគេមើលឃើញថា អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលនៃការបោះឆ្នោត។ ទោះបីជាលោក Joko Widodo បាននិយាយជាសាធារណៈថា រូបលោកនឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតក៏ដោយ ក្រុមអ្នកគាំទ្រដ៏ច្រើនសម្បើមរបស់លោក បាននាំគ្នាជួយឃោសនាស្វែងរកសំឡេងគាំទ្រឱ្យលោក Prabowo ហើយលោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់លោក Joko Widodo បានឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Prabowo ថែមទៀត។ លោក Joko Widodo និងលោក Prabowo គឺធ្លាប់ជាគូប្រជែងនឹងគ្នា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៩៕

រូបភាពពី Reuters