(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការចោទប្រកាន់ទៅលើសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋមួយរូបរបស់សហរដ្ឋអាមេរិក ដែលត្រូវចាប់ខ្លួនក្នុងទីក្រុងហុងកុងពីបទកាន់កាប់កាំភ្លើងដោយគ្មានអាជ្ញាប័ណ្ណ ត្រូវបានទម្លាក់ចោលនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកយល់ព្រមធ្វើខ្លួនឲ្យល្អតាមបទបញ្ជា ដើម្បីដោះស្រាយករណីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

លោក Jeff Wilson មកពីរដ្ឋវ៉ាស៉ីនតោន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែតុលា ក្រោយរកឃើញមានទុកកាំភ្លើងខ្លីមួយដើម នៅក្នុងវ៉ាលី អំឡុងពេលហោះហើរមកកាន់ទីក្រុងរបស់ប្រទេសចិនមួយនេះ ដោយក្រោយមកលោកបានទទួលស្គាល់កំហុស។

ក្នុងសវនាការនៅថ្ងៃចន្ទនេះ រដ្ឋអាជ្ញាបានយល់ព្រមដោះស្រាយសំណុំរឿងប្រឆាំងនឹងលោក Wilson ដោយដាក់ក្នុងដីកាបង្គាប់ថា ជាលើបទល្មើសតូចតាច។ លោក Wilson ដែលបានបង្ហាញខ្លួននៅតុលាការ បានសន្យាថានឹងមានអាកប្បកិរិយាល្អសម្រាប់រយៈពេល ២ឆ្នាំ។ ចំណែកអាវុធ ត្រូវបានរឹបអូស។

គួរបញ្ជាក់ថា ការកាន់កាប់អាវុធ ឬគ្រាប់រំសេវដោយគ្មានអាជ្ញាប័ណ្ណនៅហុងកុង នឹងត្រូវពិន័យឲ្យជាប់ពន្ធនាគារអតិបរមា ១៤ឆ្នាំ និងពិន័យជាប្រាក់ ១០០,០០០ដុល្លារហុងកុង៕

រូបភាពពី Reuters