(មូស្គូ)៖ ក្រសួងមហាផ្ទៃរុស្ស៉ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប៉ូលិសកំពុងគ្រប់គ្រងអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Dagestan ដែលមានប្រជាជនមូស្លីមរស់នៅភាគច្រើន ហើយបានចាប់ខ្លួនមនុស្សចំនួន ៦០នាក់ បន្ទាប់ពីក្រុមអ្នកប្រឆាំងអ៉ីស្រាអែលរាប់រយនាក់ នាំគ្នាសម្រុកចូលទីតាំងនេះកាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះមកពីអ៉ីស្រាអែលចុះចត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

អាជ្ញាធរក្នុងតំបន់និយាយថា មនុស្សចំនួន ២០នាក់រងរបួស នៅឯអាកាសយានដ្ឋានមុនពេលកងកម្លាំងសន្តិសុខ ទប់ស្កាត់ភាពចលាចលបាន។ ចំណែកកងកម្លាំងសន្តិសុខ បានប្រាប់ Reuters ថាអ្នកដំណើរទាំងអស់នៅលើយន្តហោះមានសុវត្ថិភាព។

បើតាមក្រសួង​មហាផ្ទៃ «បច្ចុប្បន្ន​អាកាសយានដ្ឋាន​មួយនេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំងស្រុង»។ រដ្ឋបាលតំបន់ Dagestani ក៏បានឲ្យដឹងដែរថា ខ្លួនកំពុងពង្រឹងវិធានការសន្តិសុខនៅទូទាំងតំបន់ដែលមានប្រជាជនប្រហែល ៣លាននាក់។

គួរបញ្ជាក់ថា ភាពចលាចលនេះបានកើតមានឡើងបន្ទាប់ពីឧប្បត្តិហេតុប្រឆាំងអ៉ីស្រាអែលមួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅឯតំបន់ Caucasus ខាងជើងរបស់រុស្ស៉ី៕

រូបភាពពី Reuters