(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បាននិយាយថា ប្រទេសអ៉ីរ៉ង់​មិនចង់ឱ្យសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស រីករាលដាលកាន់តែធំឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

ជម្លោះខាងលើបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ដោយសារការវាយប្រហារទ្រង់ទ្រាយធំ របស់ក្រុមហាម៉ាសលើអ៉ីស្រាអែល ដែលបាន​សម្លាប់មនុស្សយ៉ាងហោច១,៤០០នាក់។ ចាប់តាំងពីពេលនោះ អ៉ីស្រាអែលបានសងសឹកវិញ ដោយធ្វើការទម្លាក់គ្រាប់បែកឥតឈប់ឈរ​ទៅលើតំបន់ Gaza Strip ដែលគ្រប់គ្រងដោយហាម៉ាស ហើយផ្តាច់ជីវិតមនុស្ស គិតមកទល់ពេលនេះ លើស៨,០០០នាក់។ អ៉ីស្រាអែល​ក៏បានចាប់ផ្តើមធ្វើសកម្មភាពតាមផ្លូវគោកផងដែរ ជាមួយគោលដៅកម្ទេចពួកហាម៉ាស ហើយនាំយកចំណាប់ខ្មាំងជាង ២០០នាក់ ដែលត្រូវបានចាប់ពី​អ៉ីស្រាអែល​យកទៅ Gaza ត្រឡប់មកវិញ។

ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស កងទ័ពរបស់សហអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល នៅមួយរយៈចុងក្រោយនេះ បានស្ថិតក្រោមគោលដៅវាយប្រហារ យ៉ាងតិច១៩លើក ក្នុងប្រទេសអ៉ីរ៉ាក់និងស៉ីរី ខណៈទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា ពួកវាទំនងជាស្នាដៃរបស់កងកម្លាំងគាំទ្រដោយអ៉ីរ៉ង់។

យ៉ាងណាក្តី លោក ​Amirabdollahian បានលើកឡើងថា ការភ្ជាប់អ៉ីរ៉ង់ទៅនឹងការវាយប្រហារណាមួយនៅក្នុងតំបន់ ប្រសិនបើកងទ័ពអាមេរិក ត្រូវបានកំណត់គោលដៅ ដោយមិនមានភស្តុតាងនោះ គឺជារឿងខុសសុទ្ធសាធ។ លោករដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានលើកឡើងថា មនុស្សនៅក្នុងតំបន់ពេលនេះមានការខឹងសម្បារ ហើយការធ្វើសកម្មភាពរបស់ក្រុមណាមួយ គឺជាទង្វើដែលធ្វើ​ឡើងស្របតាមផលប្រយោជន៍របស់ពួកគេផ្ទាល់ ដោយគ្មានការទទួលបានបញ្ជាពីអ៉ីរ៉ង់ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍មុន សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនចង់ព្យាយាមបង្កជម្លោះជាមួយអ៉ីរ៉ង់ទេ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថា ទីក្រុងវ៉ាស៉ីនតោននឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយម៉ឺងម៉ាត់ ប្រសិនបើអ៉ីរ៉ង់ ឬក្រុមគាំទ្រដោយអ៉ីរ៉ង់ ពិតជាបានវាយប្រហារលើកងទ័ពអាមេរិក នៅកន្លែងណាមួយក៏ដោយ៕

រូបភាពពី Reuters