(ប៉េកាំង)៖ ក្នុងវេទិកាមួយនៅថ្ងៃចន្ទនេះ មន្រ្តីយោធាថ្នាក់លេខ ២របស់ប្រទេសចិនបានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ខណៈដែលបានចោទប្រកាន់ «ប្រទេសមួយចំនួន» ថា «បង្កើតភាពចលាចល» និងព្យាយាមធ្វើឲ្យខូចការគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

Beijing Xiangshan forum ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិនស្តីពីការទូតយោធា បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយគ្មានវត្តមានរដ្ឋមន្ត្រីការពារជាតិ។

លោក Zhang Youxia អនុប្រធានគណៈកម្មាការយោធាមជ្ឈិម បានថ្លែងក្នុងសុន្ទរកថាគន្លឹះនៅឯវេទិកានោះថា «យើងនឹងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ អភិវឌ្ឍទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក»។ លោក Zhang បាន​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ពី​ការប្រកាន់​យក​ចិត្ត​គំនិត​លេង​ល្បែង​សូន្យ​ក្នុងរឿងនយោបាយ ​ហើយថាប្រទេសនានាមិនគួរមានចេតនាបង្ករឿងដល់ប្រទេសផ្សេងទៀតលើបញ្ហាសំខាន់ៗ និងរសើបដូចជាតៃវ៉ាន់នោះទេ។

គួរបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងរវាងយោធា និងយោធាដោយផ្ទាល់នោះទេ ចាប់តាំងពីអតីតរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ត្រូវបានតែងតាំងកាលពីខែមីនា៕

រូបភាពពី Reuters