(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសដ៏ធំមួយនៅថ្ងៃចន្ទនេះ ដោយមានការចូលរួមពីយន្តហោះចម្បាំងចំនួន ១៣០គ្រឿងសម្រាប់ប្រតិបត្តិការហាត់សមរយៈពេល ២៤ម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

កងទ័ពអាកាសកូរ៉េខាងត្បូងនិយាយថា សមយុទ្ធប្រចាំឆ្នាំឈ្មោះ Vigilant Defence នឹងដំណើរការរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ដោយមាននូវការបង្ហាញប្រភេទយន្តហោះចម្បាំងបំបាំងកាយ F-35 មកពីសហរដ្ឋអាមេរិក និងយន្តហោះដទៃទៀត។

សមយុទ្ធនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងយោធាទាំងពីរ ដោយអនុវត្តបេសកកម្មតាមផ្លូវអាកាសសំខាន់ៗ ដូចជាសមយុទ្ធបាញ់គ្រាប់ពិតពីអាកាសទៅដី ប្រតិបត្តិការការពារដែនអាកាស និងការហ្វឹកហ្វឺនសង្គ្រោះបន្ទាន់ផ្សេងទៀត។

គួរបញ្ជាក់ថា សមយុទ្ធដែនអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូងនាពេលនេះ កើតមានឡើងខណៈដែលកូរ៉េខាងជើងបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៉ី ជាអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់អាស៉ីថ្កោលទោស ដោយនិយាយថាជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កើនសមត្ថភាពយោធាជាថ្នូរនឹងការគាំទ្រអាវុធដល់ទីក្រុងមូស្គូ៕

រូបភាពពី AFP