(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានអំពាវនាវដល់អ៉ីស្រាអែលឲ្យការពារជនស៉ីវិលនៅតំបន់ Gaza និងជំរុញឲ្យមានលំហូរនៃជំនួយមនុស្សធម៌ជាបន្ទាន់ថែមទៀត ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងអំពីតម្លៃនៃអាយុជីវិតមនុស្សក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលរយៈពេលជាង ៣សប្តាហ៍ទៅលើតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងជំនួបតាមទូរស័ព្ទថា អ៉ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយគួរតែធ្វើដូច្នេះក្នុងវិធីសាស្រ្តមួយដែលស្របនឹងច្បាប់អន្តរជាតិស្តីពីការការពារជនស៉ីវិល។ លោក បៃដិន ក៏បានគូសបញ្ជាក់អំពីតម្រូវការក្នុងការបង្កើនលំហូរនៃមនុស្សធម៌ជាបន្ទាន់ ដើម្បីបំពេញតម្រូវការរបស់ជនស៉ីវិលនៅក្នុងតំបន់ Gaza ខណៈដែលផ្គត់ផ្គង់បានធ្លាក់ចុះនៅក្នុងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ។

លោក បៃដិន និង ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារចំណាប់ខ្មាំងជាង ២០០នាក់ដែលត្រូវក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនចាប់ខ្លួន នៅក្នុងការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្ស ១,៤០០នាក់។

គួរបញ្ជាក់ថា ខណៈចំនួនអ្នកស្លាប់នៅតំបន់ Gaza កាន់តែកើនឡើង រដ្ឋបាលរបស់ លោក បៃដិន បាននិងកំពុងស្ថិតក្រោមសម្ពាធដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការគាំទ្រដ៏មុតមាំរបស់ខ្លួននឹងមិនប្រែក្លាយទៅជាការយល់ព្រមឲ្យអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្ត អាចធ្វើអ្វីតាមចិត្តនោះទេ៕

រូបភាពពី Reuters