(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅកាន់តំបន់ហ្គាហ្សា «អាចបង្ខំឱ្យមនុស្សគ្រប់គ្នា» ធ្វើសកម្មភាព នៅក្នុងការព្រមានចុងក្រោយបង្អស់ ដែលចេញដោយសាធារណរដ្ឋអ៊ីស្លាម ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

លោក Raisi បាននិយាយនៅលើបណ្តាញទំនាក់ទំនង X ដែលពីមុននៅលើ Twitter កាលពីថ្ងៃអាទិត្យថា «ឧក្រិដ្ឋកម្មនៃរបបស៊ីយ៉ូនបានឆ្លងបន្ទាត់ក្រហម ហើយនេះអាចបង្ខំឱ្យមនុស្សគ្រប់គ្នាចាត់វិធានការឆ្លើយតប»

លោក​បាន​និយាយទៀត​ថា​ «​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ស្នើ​យើង​កុំ​ឲ្យ​ធ្វើ​អ្វី​ទាំងអស់ ប៉ុន្តែ​ពួកគេ​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​អ៊ីស្រាអែល​»​

អ៊ីរ៉ង់ ដែលគាំទ្រក្រុមហាម៉ាស់ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធា បានសរសើរការវាយប្រហារថ្ងៃទី០៧ ខែតុលា ហើយបានពណ៌នាវាថា «ជោគជ័យ» ប៉ុន្តែបានទទូចថាខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះទេ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera កាលពីថ្ងៃសៅរ៍ ដែលបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងាររដ្ឋថា «អ៊ីរ៉ង់ចាត់ទុកវាជាកាតព្វកិច្ចរបស់ខ្លួនក្នុងការគាំទ្រក្រុមតស៊ូ ប៉ុន្តែក្រុមតស៊ូគឺឯករាជ្យនៅក្នុងគំនិត ការសម្រេចចិត្ត និងសកម្មភាពរបស់ពួកគេ»។

គួរបញ្ជាក់ថា អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ប៉ាឡេស្ទីន​ ​ចាប់តាំងពី​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​វាយលុក​ព្រំដែន​កាលពី​ថ្ងៃ​ទី​៧ តុលា ដោយ​បាន​សម្លាប់​មនុស្ស​ជាងមនុស្សជាង ៨,០០០ នាក់ ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅទីក្រុងហ្គាហ្សា ដែលជាតំបន់ក្រីក្រនៃផ្ទះសម្រាប់ប្រជាជន ២.៤ លាននាក់៕

រូបភាពពី AFP