(ហ្គាហ្សា)៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអាទិត្យ (២៩ តុលា) ថា «សណ្តាប់ធ្នាប់ស៊ីវិល» នៅតំបន់ហ្គាហ្សាកំពុងចាប់ផ្តើមដួលរលំ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានសម្រុកចូលឃ្លាំងស្តុកទុកអាហារនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ឃ្លាំងជាច្រើនត្រូវបានលួចយកម្សៅស្រូវសាលី និងការផ្គត់ផ្គង់ផ្សេងៗទៀត។

លោក Thomas White ប្រធានទីភ្នាក់ងារ UNRWA ប្រចាំតំបន់ហ្គាហ្សា បាននិយាយថា «នេះគឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ បន្ទាប់ពីបីសប្តាហ៍នៃការប្រយុទ្ធគ្នា និងការឡោមព័ទ្ធយ៉ាងតឹងរ៉ឹង សណ្តាប់ធ្នាប់ស៊ីវិលកំពុងចាប់ផ្តើមដួលរលំហើយ»

UNRWA បាននិយាយថា «មនុស្សរាប់ពាន់នាក់បានសម្រុកចូលឃ្លាំង និងមជ្ឈមណ្ឌលចែកចាយ UNRWA ជាច្រើននៅតំបន់កណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ដោយយកម្សៅស្រូវសាលី និងសម្ភារៈរស់រានមានជីវិតជាមូលដ្ឋានផ្សេងទៀត ដូចជាការផ្គត់ផ្គង់អនាម័យជាដើម»

គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការបោសម្អាតក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់មនុស្សជាង ៨,០០០ នាក់នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយហាម៉ាស។

អ៊ីស្រាអែលក៏បានបិទខ្ទប់ផ្លូវទាំងស្រុងលើតំបន់ហ្គាហ្សា ដោយមិនអនុញ្ញាតឱ្យមានការផ្គត់ផ្គង់អាហារ ទឹក ថ្នាំពេទ្យ អគ្គីសនី និងប្រេងឥន្ធនៈជាប្រចាំទៅកាន់តំបន់នោះឡើយ ហើយក្បួនរថយន្តជំនួយមនុស្សធម៌ដំបូង មិនបានចូលក្នុងទឹកដីនេះរហូតដល់ពីរសប្តាហ៍ក្រោយមក។

ចាប់តាំងពីពេលនោះមក ទីភ្នាក់ងារ UNRWA និយាយថា រថយន្តជំនួយចំនួន ៨៤ គ្រឿងបានឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែភ្នាក់ងារសង្គ្រោះនេះ និយាយថាចំនួននេះគឺទាបតិចណាស់។ មុនពេលមានជម្លោះ តួលេខរបស់អង្គការសហប្រជាជាតិ បានបង្ហាញជាមធ្យមរថយន្តដឹកទំនិញចំនួន ៥០០ គ្រឿងចូលតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ៕

រូបភាពពី AFP